ព័ត៌មានអន្តរជាតិ

ប្រទេសថៃឡង់ដ៏ នាំចេញអង្ករកើនឡើង ខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំ ដែលមានរហូតដល់ ១៣ភាគរយនៅក្នុងឆ្នាំ២០២៤

AFP

បាងកក ៖ ទិន្នន័យផ្លូវការបានបង្ហាញ កាលពីថ្ងៃអង្គារថា ការនាំចេញអង្កររបស់ប្រទេសថៃឡង់ដ៏ បានកើនឡើង ដល់កម្រិតខ្ពស់បំផុត នៅក្នុងរយៈពេល៦ឆ្នាំនៅក្នុងឆ្នាំ២០២៤ ជាមួយនឹងបរិមាណ សរុបចំនួន ៩,៩៥លានតោន ពោលគឺបានកើនឡើងដល់១៣ភាគរយធៀបនឹងឆ្នាំមុន ។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃនាំចេញអង្ករ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីឆ្នាំ មុនមានតម្លៃ ២២៥.៦៦ពាន់លានបាត ប្រហែលនឹង ៦,៤៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក ស្មើនឹងការកើនឡើង ២៧ភាគរយបើធៀបនឹងឆ្នាំ២០២៣ ។

ក្រសួងខាងលើបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងលើសពីការព្យាករណ៍ ពីមុនចំនួន៩លានតោន ត្រូវបានជំរុញដោយការកើនឡើង នៃតម្រូវការសកល ដើម្បីទប់ទល់នឹងការកាត់បន្ថយទិន្នផលក្នុងស្រុក កាត់បន្ថយអតិផរណាអាហារ និងជំរុញសន្តិសុខស្បៀង ។

បើក្រឡេកមើលទៅមុខ វិស័យពាណិជ្ជកម្មអង្ករពិភពលោក ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងការប្រកួតប្រជែង កាន់តែខ្លាំងដោយសារតែការនាំចេញ អង្ករឡើងវិញរបស់ឥណ្ឌា និងទិន្នផលប្រសើរឡើង ទាំងក្នុងប្រទេសនាំចេញ និងនាំចូល ខណៈលក្ខខណ្ឌគ្រោះរាំងស្ងួត បានធូរស្រាលបន្តិច ។

ក្រសួងដដែលនេះបានព្យាករណ៍ថា ការនាំចេញអង្ករ របស់ព្រះរាជាណាចក្រថៃឡង់ដ៏ នឹងធ្លាក់ចុះ ២៤,៦២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម៧,៥លានតោននៅក្នុងឆ្នាំ២០២៥ ៕

To Top