ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ការបង្កកជំនួយរបស់អាមេរិក មិនបានរារាំងដល់ដំណើរការអភិវឌ្ឍកម្ពុជាឡើយ

ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ការប្រកាសបង្កកជំនួយទៅកាន់បណ្តាប្រទេសនានានៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរនោះពីសំណាក់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកដែលទើបតែឡើងកាន់តំណែងថ្មីៗនេះ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មិនប៉ះពាល់ដល់ដំណើរការអភិវឌ្ឍទៅមុខរបស់កម្ពុជានោះទេ ។

លោក ប៉ែន បូណាបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៣០ មករានេះថា ការប្រកាសបង្កកជំនួយនេះ មិនប៉ះពាល់ដល់កម្ពុជានោះទេ ប៉ុន្តែផ្ទុយទៅវិញ ការបង្កកនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលទទួលជំនួយពីUSAID។

លោកអ្នកនាំពាក្យគូសបញ្ជាក់ថា “ការបង្កកជំនួយរបស់លោកប្រធានាធិបតី ដូណល ត្រាំ តាមរយៈ USAID នៅជុំវិញពិភពលោកគឺជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ហើយតាមរយៈ USAID គឺធ្វើឡើងនៅក្នុងក្របខណ្ឌទូទាំងពិភពលោក ។ ដោយឡែកសម្រាប់កម្ពុជាយើងផលប៉ះពាល់អាចមានខ្លាំងទៅលើអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលទទួលជំនួយពី USAID។ ចំណែកឯរាជរដ្ឋាភិបាលកម្ពុជាយើងក៏មានកិច្ចសហប្រតិបត្តិការជាមួយ USAID លើគម្រោងមួយចំនួនដែរ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនថាផលប៉ះពាល់ដែលបណ្តាលមកពីការបង្កកជំនួយនេះគឺមិនបានរារាំងដល់ដំណើរការអភិវឌ្ឍជាតិទៅមុខទេ” ។

ឆ្លៀតឱកាសនេះ លោកក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបាននិងកំពុងត្រៀមខ្លួនឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗមួយចំនួននាពេលខាងមុខដូចជា ៖ ការចាកចេញពីស្ថានភាពនៃប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ , ការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ។

លោកថា ដើម្បីសម្រេចគោលដៅទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ បាននិងកំពុងខិតខំពង្រឹងសមត្ថភាពពឹងលើខ្លួនឯង និងកាត់បន្ថយការពឹងពាក់ពីខាងក្រៅជាបណ្តើរៗ។ ដូច្នេះ រាជរដ្ឋាភិបាលត្រៀមខ្លួនបានយ៉ាងល្អក្នុងទិសដៅនេះ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ បានផ្តល់ជំនួយមកកម្ពុជាប្រមាណជា៣ពាន់លានដុល្លារដែលភាគច្រើនផ្តោតលើបរិស្ថាន អប់រំ និងសិទ្ធិមនុស្ស៕

To Top