ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ កំណត់គោលការណ៍ ផ្ដល់ក្របខ័ណ្ឌបំពេញជួសថ្មី ៨០ភាគរយ ឱ្យថ្នាក់ក្រោមជាតិ

ភ្នំពេញ ៖ ចាប់ពីឆ្នាំ២០២៥ តទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់គោលការណ៍ ក្របខ័ណ្ឌបំពេញជួសថ្មី សម្រាប់ក្រសួងមហាផ្ទៃ ដោយទុកសម្រាប់ថ្នាក់ជាតិ តែ ២០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺផ្ដល់អាទិភាព សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ពោលគឺបើជានគរបាល គឺត្រូវតែផ្ដល់ឱ្យគ្រប់គ្រាន់ សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាន វរនគរបាលការពារព្រំដែន និងស្នងការដ្ឋាន ខណៈសុីវិល គឺក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសម្រេចចិត្តយ៉ាងដូច្នេះរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា គឺដោយយោង ទៅលើភាពចាំបាច់នៃការពង្រឹង និងពង្រាយ ធនធានមនុស្ស នៅថ្នាក់ក្រោមជាតិ ស្របពេលថ្នាក់ជាតិបានផ្ទេរមុខងារ និងធនធានឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែច្រើន ដែលទាមទារចាំបាច់ នូវចំនួនមន្ត្រីរាជការសមស្រប សម្រាប់អនុវត្តតួនាទី ភារកិច្ចបម្រើសេវាផ្សេងៗ ជូនដល់ប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព។

សម្រាប់ឆ្នាំ២០២៥នេះដូចគ្នា លោកបណ្ឌិតអ្នកនាំពាក្យរង បានបន្ថែមថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា នឹងផ្ដោតលើការពង្រឹងគុណភាព មន្រ្តីដែលមានស្រាប់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដោយជំរុញទាំង ការបណ្ដុះបណ្ដាលផ្ទៃក្នុង តាមអង្គភាពនីមួយៗ និងកម្មវិធីអប់រំបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពទាំង បណ្ឌិត្យសភានគរបាលកម្ពុជា និង សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ដោយភ្ជាប់ទៅនឹងបរិបទ នៃការងារឌីជីថល។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥ ថ្មីៗនេះ ក្រសួងមហាផ្ទៃបានប្រកាសអំពីលទ្ធផល នៃការប្រឡងក្របខ័ណ្ឌ នគរបាលជាតិបំពេញជួស ដោយក្នុងចំណោមបេក្ខជនសរុប មានបេក្ខជនប្រឡងជាប់ប្រមាណ ៧០០ នាក់ សម្រាប់ក្របខ័ណ្ឌនគរបាលប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំសង្កាត់ ដែលស្ថិតក្នុងមូលដ្ឋានកំណើតរបស់ពួកគេ និងជាច្រើនអ្នកទៀត នៅតាមអធិការដ្ឋាន និងស្នងការដ្ឋាននគរបាល ។ នេះជាសមិទ្ធផលថ្មីមួយ នៃការពង្រាយធនធានមនុស្ស ដែលជាកូនចៅប្រជាពលរដ្ឋ ទៅដល់មូលដ្ឋាន ប្រជាពលរដ្ឋផ្ទាល់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ត្រង់មុំធនធានមនុស្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

To Top