ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការចងក្រង ជាសហគមន៍ កសិកម្មទំនើប ប្រជាកសិករ អាចទទួលបាន នូវយន្តការគាំទ្រចំនួនពីរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាបគូសបញ្ជាក់ថា ការចងក្រងជាសហគមន៍ កសិកម្មទំនើប ប្រជាកសិករ អាចទទួលបាននូវយន្តការគាំទ្រ ចំនួន២ ដូចជាក្រុមប្រឹក្សាគោលនយោបាយ សហគមន៍កសិកម្ម និងមូលនិធិអភិវឌ្ឍ សហគមន៍កសិកម្ម ។

ការគូសបញ្ជាក់របស់សម្តេចធិបតី ខាងលេីនេះ ធ្វេីឡេីងបន្ទាប់ពីសម្តេចអញ្ជេីញឆ្លៀតឱកាស ចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាព នៃការរៀបចំសហគមន៍ កសិកម្មទំនើប ប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ។

បន្ទាប់ពីសំណេះសំណាល់ សម្តេចធិបតី ហ៊ុន ម៉ាណត បានលេីកឡេីងនៅលេីបណ្តាញសង្គមថា សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោម សហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំ សាលាវិស័យ និងសហគមន៍កសិកម្ម ទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើម ប្រមាណ ១០០០តោន ។

ក្នុងនោះសម្តេចធិបតី បានកោតសរសើរ ដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រ ក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៧០% និងគ្រាប់ស្វាយចន្ទីស្ងួត ៣០% ជាមួយនឹងការរៀបចំ ធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥% ។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្ត កម្មវិធីគោលនយោបាយ អាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយ ការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាព ប្រកួតប្រជែង ទាំងបរិមាណ និងគុណភាព ។

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា “ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាចទទួលបាននូវយន្តការគាំទ្រចំនួនពីរ ដូចជា៖ ១/. ក្រុមប្រឹក្សាគោលនយោបាយ សហគមន៍កសិកម្ម និងទី២/. មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម”។

សម្តេចធិបតី បន្ថែមថា ជាលទ្ធផលដ៏វិជ្ជមានមួយ ក្នុងការកែប្រែការធ្វើកសិកម្មបែបគ្រួសារ មកក្លាយជាសហគ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ ។

សូមបញ្ជាកថា រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀបចំបង្កើតជាសហគមន៍កសិកម្មទំនើប បានចំនួន ៩ មានដូចជា៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ, បន្លែសរសី, ទំរឹងកំពង់ធំ, ប្រាសាទសំបូររុងរឿង, កំពង់ធំសាលាវិស័យ, បន្លែផ្ទះសំណាញ់ត្រាំកក់, ស្រូវផ្ការំដួលខ្នារឆ្មារ, បន្លែកោះខ្សាច់ទន្លេ និង សហគមន៍កសិកម្ម ទំនើបម្រេចមេមត់ត្បូងឃ្មុំ ព្រមទាំងកំពុងសម្របសម្រួល និងជ្រោមជ្រែងក្នុងការ បង្កើតសហគមន៍ថ្មីមួយទៀត ក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលនឹងលេចជារូបរាងឆាប់ៗនាពេលខាងមុខ ហើយសហគមន៍ថ្មីនេះ គឺផ្តោតលើការដាំស្រូវសែនក្រអូប០១ ដែលជាដំណាំយុទ្ធសាស្ត្រ មួយរបស់កម្ពុជា៕

To Top