បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានស្នើកាលពីថ្ងៃព្រហស្បតិ៍ដើម្បីដកប្រព័ន្ធមីស៊ីលរបស់សហរដ្ឋអាមេរិកចេញពីហ្វីលីពីន ប្រសិនបើចិនបញ្ឈប់នូវអ្វីដែលលោកហៅថា “អាកប្បកិរិយាឈ្លានពាន និងបង្ខិតបង្ខំ” របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កងទ័ពសហរដ្ឋអាមេរិកបានដំឡើងប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon នៅភាគខាងជើងប្រទេសហ្វីលីពីនកាលពីខែមេសាឆ្នាំមុន ដើម្បីគាំទ្រដល់អ្វីដែលសម្ព័ន្ធមិត្តដែលមានសន្ធិសញ្ញាយូរអង្វែងបានពិពណ៌នាថា ជាការហ្វឹកហាត់សម្រាប់ការត្រៀមខ្លួនប្រយុទ្ធរួមគ្នា។
ចិនបានទាមទារម្តងហើយម្តងទៀត ឱ្យហ្វីលីពីនដកប្រព័ន្ធមីស៊ីលចេញ ដោយនិយាយថា ទាំងនេះកំពុង “ញុះញង់ឱ្យមានការប្រឈមមុខគ្នាខាងភូមិសាស្ត្រនយោបាយ និងការប្រណាំងអាវុធ”។
នៅពេលសួរដោយអ្នកសារព័ត៌មានអំពីការរិះគន់របស់ចិនចំពោះប្រព័ន្ធមីស៊ីលនេះ លោក Marcos បាននិយាយថា លោកមិនយល់ពីគោលជំហររបស់ចិននោះទេ ពីព្រោះហ្វីលីពីនមិនធ្វើអត្ថាធិប្បាយលើប្រព័ន្ធមីស៊ីលរបស់ចិន ដែលមានថាមពលខ្លាំងជាងអ្វីដែលយើងមានមួយពាន់ដងទៅទៀត។
លោក Marcos បានប្រាប់អ្នកយកព័ត៌មាននៅខេត្ត Cebu ថា «តោះធ្វើកិច្ចព្រមព្រៀងជាមួយចិន៖ ឈប់ទាមទារទឹកដីយើង ឈប់យាយីអ្នកនេសាទយើង ហើយទុកឲ្យពួកគេមានជីវភាពធូរធារ ឈប់គៀបទូកយើង បញ្ឈប់កាណុងបាញ់ទឹកដាក់ប្រជាជនយើង ឈប់បាញ់ឡាស៊ែរមកលើយើង ហើយបញ្ឈប់អាកប្បកិរិយាឆេវឆាវ និងបង្ខិតបង្ខំរបស់អ្នក៕
ប្រែសម្រួលៈ ណៃ តុលា