ព័ត៌មានអន្តរជាតិ

តម្លៃមាសឡើងដល់កម្រិតខ្ពស់ថ្មី ខណៈដែលសន្ទស្សន៍ភាគហ៊ុនរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ ដោយសារតែពន្ធរបស់លោក Trump

xinhua

បរទេស៖ តម្លៃមាសពិភពលោកមានតម្លៃលើសពី ២.៨២០ដុល្លារ ខណៈដែលសន្ទស្សន៍ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ នៅពេលដែលសេតវិមានអាមេរិក បានបញ្ជាក់ពីការដាក់ពន្ធលើប្រទេសម៉ិកស៊ិក កាណាដា និងចិនចាប់ពីថ្ងៃទី១ ខែកុម្ភៈ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅចុងបញ្ចប់នៃវគ្គជួញដូរនៅថ្ងៃទី ៣១ ខែមករា តម្លៃមាសពិភពលោកបានកើនឡើងជិត ១ដុល្លារ គឺដល់ ២.៧៩៦ ដុល្លារក្នុងមួយអោន។ ក្នុងអំឡុងពេលវគ្គជួញដូរ តម្លៃនេះបានបង្កើតកំណត់ត្រាថ្មីមួយនៅ ២.៨២៣ ដុល្លារ។

វិនិយោគិនបានប្រញាប់ប្រញាល់ទិញទ្រព្យសម្បត្តិដែលមានសុវត្ថិភាពនៅពេលដែលលេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt បានបញ្ជាក់កាលពីថ្ងៃទី ៣១ ខែមករាថា ប្រធានាធិបតីអាមេរិក Donald Trump នឹងដាក់ពន្ធ ២៥ភាគរយ លើទំនិញពីម៉ិកស៊ិក និងកាណាដា និងពន្ធ ១០ភាគរយ លើទំនិញពីប្រទេសចិនចាប់ពីថ្ងៃទី១ ខែកុម្ភៈ។ ហេតុផលគឺថាប្រទេសទាំងនេះបានបរាជ័យក្នុងការទប់ស្កាត់ការរត់ពន្ធថ្នាំញៀនប្រភេទ fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិក។

ពន្ធ​អាច​បន្ថែម​សម្ពាធ​អតិផរណា​នៅ​អាមេរិក និង​អូស​បន្លាយ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ លោក Bob Haberkorn អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅ RJO Futures បាននិយាយថា “មានភាពមិនច្បាស់លាស់ជាច្រើននៅពេលនេះ។ យើងកំពុងរង់ចាំមើលថាតើពន្ធនឹងមានអ្វីកើតឡើង” ។

មាសគឺជាការវិនិយោគដ៏ពេញនិយមក្នុងអំឡុងពេលនៃវិបត្តិសេដ្ឋកិច្ច និងនយោបាយ។ កាលពីខែមុន លោហៈដ៏មានតម្លៃបានកត់ត្រាការកើនឡើង 7% ដែលជាដំណើរការល្អបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២៤។ កាលពីឆ្នាំមុន លោហៈដ៏មានតម្លៃក៏បានបង្កើតកំណត់ត្រាជាប់ៗគ្នាផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top