ព័ត៌មានអន្តរជាតិ

សភា​ក្រិក បរាជ័យ​ក្នុង​ការ​ជ្រើសរើស​ប្រធានាធិបតីថ្មី ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​២

afp

អាថែន៖ សភា​ក្រិក​បាន​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីបន្ទាប់​របស់​ប្រទេស​ក្នុង​ការ​បោះឆ្នោត​ជុំ​ទីពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សំឡេងភាគច្រើននៃ ២០០សំឡេងនៅក្នុងសភាដែលមាន ៣០០អាសនៈ គឺត្រូវការសម្រាប់បេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនទាំងបួន ដើម្បីកាន់តំណែងនេះ។  សមាជិក​សភា​ទាំង ៣០០​រូប​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​សុក្រ។  ការ​ព្យាយាម​នៅ​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​មិន​ទាន់​ចប់​នៅ​ថ្ងៃ​ទី២៥ ខែ​មករា។

លោក Constantine Tassoulas អតីតប្រធានសភា និងជាបេក្ខភាពនៃគណបក្សអភិរក្សនិយម New Democracy ដែលកំពុងកាន់អំណាច បានទទួលសម្លេងគាំទ្រ ១៦០សំឡេង ដូចនៅក្នុងជុំទីមួយ។  បេក្ខជន​បី​រូប​ផ្សេង​ទៀត​ម្នាក់ៗ​ទទួល​បាន​សំឡេង​តិច​ជាង ៥០សំឡេង ម្ដង​ទៀត។

ប្រធានសភាបាននិយាយថា ជុំទី៣  គ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ដោយកម្រិតសំឡេងបានបន្ទាបមកត្រឹម ១៨០សម្លេងស្របតាមរដ្ឋធម្មនុញ្ញក្រិក។

ប្រសិនបើគ្មានបេក្ខជនណាទទួលបានសំឡេងគាំទ្រក្នុងជុំទី៣ នោះ សំឡេងភាគច្រើនសាមញ្ញនៃ ១៥១ សំឡេងត្រូវបានទាមទារនៅក្នុងជុំទី៤។  ផ្អែកលើការបោះឆ្នោតកន្លងមក អ្នកវិភាគនយោបាយរំពឹងថា លោក Tassoula នឹងលេចចេញជាអ្នកឈ្នះក្នុងជុំនេះ។

ប្រសិនបើគ្មានបេក្ខជនណាធានាបាននូវចំនួនអប្បបរមាដែលត្រូវការនៅក្នុងជុំទី៤ ក្នុងការបោះឆ្នោតជុំទី៥ និងចុងក្រោយ នោះប្រធានាធិបតីនឹងត្រូវបានជ្រើសរើសដោយសម្លេងភាគច្រើន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top