កំពត៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យមើលខ្សែច្រវាក់ផលិតកម្មកែច្នៃអំបិលរបស់សហគ្រាស ថូង អ៊ិនធ័រប្រាយស៍ ដែលផលិត និងកែច្នៃអំបិលធម្មជាតិ ប្រកបដោយស្តង់ដារសុវត្ថិភាព និងមានសម្គាល់ភូមិសាស្ត្រទំនិញ GI កំពត-កែប សម្រាប់បម្រើទីផ្សារក្នុងស្រុក និងនំាចេញទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសទៅសហគមន៍អឺរ៉ុប។

លោកបណ្ឌិតប្រតិភូ បានកោតសរសើរលើការផលិត និងកែច្នៃអំបិលរបស់សហគ្រាស ថូង អ៊ិនធ័រប្រាយស៍ ក្នុងផ្គត់ផ្គង់អំបិលប្រកបដោយស្តង់តាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ហើយក៏បានអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់ជួយគំាទ្រផលិតផលអំបិលកំពតផងដែរ។

សូមបញ្ជាក់ផងដែរថា, សគ្រាសនេះ បាននិងកំពុងផលិតអំបិលចំនួន ៣ប្រភេទ គឺអំបិលម៉ត់ អំបិលគ្រូស និងផ្កាអំបិល ដែលត្រូវបានទទួលស្គាល់ដោយ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ HACCP និង ប្រព័ន្ធគ្រប់គ្រងគុណភាព ISO9001: 2015 ហើយមានប្រជាសិករជាអ្នកផលិតអំបិលដែលជាសមាជិកប្រហែល២០គ្រួសារ និងមានផ្ទៃដីផលិតប្រមាណជា ២៦ហិកតា និងផលិតអំបិលបានជាមធ្យមប្រហែលចំនួន ៧០ ០០០ តោន ក្នុងមួយឆ្នាំ។




