ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងដាក់ចេញ នូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើង នូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
លោករដ្ឋមន្ដ្រី ប៉េង ពោធិ៍នា បានលើកឡើងបែបនេះនាឱកាសអញ្ជើញជាធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។
ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ រួមមាន៖ ១) ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវា លឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ២)ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧។
លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា «ទន្ទឹមនឹងនេះ ក្រសួង នឹងប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែង សម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ដូចជា ផ្លូវថ្នល់-ស្ពាន ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងឡូជីស្ទីក រួមទាំងការដាក់ចេញ នូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើង នូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាពីផ្លូវគោក ដែលជាសមិទ្ធផលមានស្រាប់ភ្ជាប់ជាមួយផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ និង កំពង់ផែ ដែលក្នុងនោះការសិក្សា និងអភិវឌ្ឍផ្លូវដែក និងផ្លូវទឹក គឺជាគម្រោងដ៏សំខាន់ដែលក្រសួង ត្រូវយកចិត្តទុកដាក់នៅក្នុងអាណត្តិថ្មីនេះ»។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បាននាំមកជាមួយសម្ភារបរិក្ខារ សុវត្ថិភាពប្រើប្រាស់នៅការដ្ឋានមួយចំនួន រួមមាន៖ មួកសុវត្ថិភាពចរាចរណ៍ចំនួន ១០០មួក, ស្លឹកឃ័រចំណាំងផ្លាត ចំនួន ៥ ០០០ សន្លឹក ម៉ាស៊ីនកាត់ស្មៅ និងCold Mix ចំនួន ២០០បាវ ព្រមទាំងថវិកាឧបត្ថម្ភមួយមួយចំនួន ជូនដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងផងដែរ ។
លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការទាំងអស់នេះ និងការរួមសហការគ្នា បានយ៉ាងល្អពុះពារជម្នះនូវរាល់ការលំបាកគ្រប់បែបយ៉ាង ក្នុងការគ្រប់គ្រង ដឹកនាំ និងប្រតិបត្តិការងារ ជំនាញ រហូតឈានទៅ សម្រេចបានជោគជ័យ ឆ្លើយតបបានតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ផែនការគោលនយោបាយ របស់អាជ្ញាធរខេត្ត ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាល ដែលបានប្រគល់ជូន ៕