សេអ៊ូល ៖ រូបិយប័ណ្ណកូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងប្រាក់ដុល្លារអាមេរិក នៅថ្ងៃចន្ទនេះ ដោយសារមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីផលប៉ះពាល់ នៃផែនការ ពន្ធគយ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទៅលើសេដ្ឋកិច្ច និង អាជីវកម្មកូរ៉េខាងត្បូង នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។
ប្រាក់វ៉ុនរបស់កូរ៉េបានបើកនៅតម្លៃ ១,៤៦៦វ៉ុនក្នុងមួយដុល្លារ ធ្លាក់ចុះ ១៣,៣វ៉ុនពីវគ្គមុន ហើយបានធ្លាក់ចុះបន្ថែមទៀតដល់ ១,៤៧១វ៉ុន គិតត្រឹមម៉ោង ១០ព្រឹក ។ ការធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ គឺជាកម្រិតទាបបំផុតមិនធ្លាប់មាន រហូតមកដល់ពេលនេះ ដោយសារកម្រិតទាបប្រចាំឆ្នាំមុនគឺ ១,៤៧០.៨វ៉ុន ដែលបានដកស្រង់ នៅថ្ងៃទី១៣ ខែមករា។
រូបិយប័ណ្ណក្នុងស្រុក បានស្ថិតនៅជិតកម្រិត ១,៤៥០វ៉ុន ចាប់តាំងពីខែធ្នូ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០០៩ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ ពិភពលោក ដោយសារតែការបន្តកើនឡើងនៃប្រាក់ដុល្លារ ចំពេលមានការព្រមានអំពីពន្ធរបស់លោក ត្រាំ និងវិបត្តិនយោបាយក្នុងស្រុក ដែលបង្កឡើងដោយច្បាប់ អាជ្ញាសឹករបស់ប្រធានាធិបតីលោក Yoon Suk Yeol ។
កាលពីថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ត្រាំ បានប្រកាសថា លោកនឹងដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក និង ១០ ភាគរយលើទំនិញពីប្រទេសចិន ចាប់ពីថ្ងៃអង្គារ។ លោកក៏បានសន្យាថា នឹងដាក់ពន្ធថ្មីលើទំនិញពីសហភាពអឺរ៉ុបផងដែរ។ ពន្ធគយ និងវិធានការសងសឹក ដែលរំពឹងទុក ត្រូវបានគេភ័យខ្លាចថា នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលមានមូលដ្ឋានផលិតកម្ម នៅក្នុងប្រទេសទាំងនោះ ៕
ប្រែសម្រួល ឈូក បូរ៉ា