បរទេស៖ រដ្ឋាភិបាលនឹងកាត់បន្ថយ ការផ្គត់ផ្គង់អគ្គិសនី ទៅកាន់តំបន់នានា ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានសង្ស័យថា ត្រូវបានប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជន ដើម្បីដំណើរ ការប្រតិបត្តិការ របស់ពួកគេចំនួន ៥០ភាគរយ, នេះបើយោង តាមរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Phumtham Wechayachai បានសន្យា បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានកោះប្រជុំកាលពីថ្ងៃចន្ទ ជាមួយមន្ត្រីមក ពីក្រសួងមហាផ្ទៃ និង អាជ្ញាធរអគ្គិសនីខេត្ត (PEA) ដើម្បីពិភាក្សា អំពីផែនការ កាត់បន្ថយការ ផ្គត់ផ្គង់អគ្គិសនី ដល់តំបន់ដែលជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាពខុសច្បាប់។
លោក Phumtham ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បាននិយាយថា ក្រសួងការបរទេសនឹង ជូនដំណឹងដល់ ប្រទេសមីយ៉ាន់ម៉ា អំពីការសម្រេចចិត្តនេះ ដែលត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ទីប្រជុំជន មីយ៉ាន់ម៉ាជាច្រើន នៅតាមព្រំដែន ដូចជា Shwe Kokko នៅ Myawaddy ទល់មុខស្រុក Mae Sot របស់ខេត្ត Tak ជាដើម ។ ពួកគេត្រូវបានគេស្គាល់ថា ជាអ្នករៀបចំ ក្រុមអ្នក បោកប្រាស់តាមអ៊ីនធឺណិត ។ លោកបាននិយាយថា លោកនឹងធ្វើដំណើរ ទៅកាន់ស្រុក Mae Sot នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិនិត្យមើលស្ថានភាព នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់មកលោកនឹង ចេញបញ្ជាកាត់បន្ថយ ការផ្គត់ផ្គង់អគ្គិសនីដល់តំបន់នេះចំនួន ៥០ភាគរយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃរូបនេះ បានសង្កត់ធ្ងន់ថា NSC មានសិទ្ធិអំណាចក្នុងការកាត់ ផ្តាច់ការផ្គត់ផ្គង់ថាមពល ទៅកាន់តំបន់មួយ ដោយគ្មានការយល់ព្រម ពីគណៈរដ្ឋមន្ត្រី ប្រសិនបើគេអាចបញ្ជាក់បានថា តំបន់ដែលមានបញ្ហានោះ ត្រូវបានប្រើប្រាស់ ដោយក្រុមឧក្រិដ្ឋជន ៕
ប្រែសម្រួលៈ ណៃ តុលា