ភ្នំពេញ ៖ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានឲ្យដឹង ថា ក្រសួងពាក់ព័ន្ធ នឹងកោះអញ្ជើញ នារីម្នាក់ ដែលតាំងខ្លួនមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ចាប់ជាតិ មកសួរនាំក្នុងពេលឆាប់ៗខាងមុខនេះ។
ការលើកឡើងរបស់លោកស្រីនេះ បន្ទាប់ពីមានស្រ្តីម្នាក់ ជារកស៊ីអនឡាញបានលើកឡើងថា ខ្លួនជាមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ហើយក៏មានការផ្ទុះការវែកញែក និងរិះគន់ផងដែរ ។ បន្ទាប់ពីឃើញវិដេអូស្រ្តីនោះរួចមក លោកស្រី ហ៊ុន ស៊ីណាត ក៏បានចេញវិដេអូឡាយបកស្រាយ និងស្នើក្រសួងពាក់ព័ន្ធពិនិត្យមើលករណីនេះផងដែរ ។
យោងតាមហ្វេសប៊ុករបស់លោកស្រី ញ៉ែម មរកត នាថ្ងៃ៣ កុម្ភៈ បានឲ្យដឹងថា ក្រោយលោកស្រី ហ៊ុន ស៊ីណាត ឡាយរួចហើយលោកស្រីក៏ បានយកសៀវភៅស្រាវជ្រាវ ពីបដិមាដែលឆ្លាក់នៅអង្គរវត្ត និងប្រវត្តិមហេសីទាំងពីរ របស់ព្រះបាទជ័យវរ្ម័នទី៧មកមើល និងបង្ហាញឲ្យ សាធារណជនបានឃើញ។
លោកស្រីបន្តថា ដូច្នេះអ្នករកស៊ីលក់ឡេ ប្រកបរបររបស់ខ្លួនបានហើយ កុំចេះតែបែកឆ្វេងតាំងខ្លួនជាបារមីនេះ បារមីនោះកាន់.. ដើម្បីផលប្រយោជន៍ក្រុមខ្លួនហើយមកបន្ទាបបន្ថោកកិត្យានុភាពជាតិ សាសនា វិរៈបុរស វិរៈស្ត្រីជាដូនតាជំនាន់មុន មិនអាចទៅរួចទេ ។
លោកស្រីបញ្ជាក់ថា “ប្អូនដែលតាំងខ្លួន ជាមហេសីព្រះអង្គត្រៀមខ្លួនទៅព្រោះឮថា ក្រសួងពាក់ពន្ធ័នឹងអញ្ជើញ ទៅបង្ហាញខ្លួនឆាប់ៗហើយ”។
លោកស្រី ញ៉ែម មរកត ក៏បានអះអាងទៀតថា ចំពោះការស្រាវជ្រាវ ពីប្រវត្តិមហេសី ទាំង២ព្រះអង្គ របស់ព្រះបាទ ជ័យវរ្ម័នទី៧ គឺបានចំណាយពេលប្រហែល២០ឆ្នាំមកហើយ ដោយបានចងក្រងជាសៀវភៅ គឺជាស្ត្រីដ៏អស្ចារ្យជួយស្វាមី ការពារជាតិ ទឹកដី លើកស្ទួយ វិស័យសេដ្ឋកិច្ច អប់រំ សាសនា មិនមែនជាចរិត និងសកម្មភាពរហេចរហាច ដូចអ្នកលក់ផលិតផលខ្លះនោះទេ ។ ហេតុនេះកុំយកព្រះនាមអតីតមហាវិរក្សត្រ និងតាំងខ្លួនជាតួអង្គ ព្រះមហេសីវិរៈបុរសជំនាន់មុនមកតាំងជារូបខ្លួនចាប់ជាតិ ឬដឹងជាតិកំណើតទៀតវាមិនអាចទៅរួចទេ គ្រាន់តែគោរពប្រតិបត្តិគឺមិនខុសឡើយ។ រកស៊ីធម្មតាៗទៅបានសុខ និងមានកិត្តិយសគ្រប់គ្រាន់ហើយ៕