ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ៖ ជប៉ុន ជាដៃគូយ៉ាងសំខាន់ ក្នុងការជួយកសាង និងស្តារសន្តិភាពនៅកម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា ជប៉ុន គឺជាដៃគូយ៉ាងសំខាន់ក្នុងការជួយកសាង និង ស្តារសន្តិភាពនៅកម្ពុជា គ្រប់ដំណាក់កាល ហើយប្រជាជនជប៉ុន តែងតែស្ថិតក្នុងបេះដូង របស់ប្រជាជនកម្ពុជាជានិច្ច។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នាឱកាសអញ្ជើញ ដឹកនាំគណៈប្រតិភូ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយ លោក Murakami Seiichiro រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន នៅថ្ងៃទី៣ កុម្ភៈ ក្នុងដំណើរទស្សនកិច្ច នៅប្រទេសជប៉ុន។

នាឱកាសនោះ លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្ពុជានិងជប៉ុនបានកសាងទំនាក់ទំនងយ៉ាងស្អិតរមួត ដោយផ្អែកលើការទុកចិត្តគ្នា ទៅវិញទៅមក ។ ជាក់ស្តែងឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧២ នៃការបង្កើតទំនាក់ទំនង ការទូតរវាងជប៉ុននិងកម្ពុជា ហើយទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានដំឡើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោក បានគូសបញ្ជាក់ថា «ប្រទេសជប៉ុន ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានទទួលស្គាល់ឯករាជ្យភាព របស់ប្រទេសកម្ពុជា ក្រោយពីកម្ពុជា ទទួលបានឯករាជ្យភាពពេញលេញ។ លើសពីនេះ ជប៉ុន គឺជាដៃគូយ៉ាងសំខាន់ ក្នុងការជួយកសាងនិងស្តារសន្តិភាពនៅកម្ពុជានៅគ្រប់ដំណាក់កាលរួមមាន ដំណាក់កាលទី១ ការកសាងសន្តិភាព, ដំណាក់កាលទី២ ការរក្សាសន្តិភាព, ដំណាក់កាលទី៣ ការស្តារនីតិសម្បទាឡើងវិញ, និងដំណាក់កាលទី៤ ការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។ តាមរយៈទំនាក់ទំនង ដ៏ស្អិតរមួតនេះ ប្រទេសជប៉ុន និងប្រជាជនជប៉ុន តែងតែស្ថិតនៅក្នុងបេះដូង របស់ប្រជាជនកម្ពុជាជានិច្ច»។

លោក បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាជំរុញការកែទម្រង់ អភិបាលកិច្ចលើការដ្ឋាន សំខាន់ៗ រួមមាន ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រព័ន្ធច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាដើម។

ក្នុងស្មារតីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេស ទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត លោក Murakami Seiichiro បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានចែក រំលែកចំណេះដឹង និង បទពិសោធមួយចំនួន និងបានបង្ហាញ ជំហរស្វាគមន៍ និងគាំទ្រដល់ដំណើរ ការអនុវត្តការដ្ឋាន កែទម្រង់សំខាន់ៗ ពាក់ព័ន្ធ ជាពិសេស លើការងារកែទម្រង់ច្បាប់ ការងារតាមដាននិង វាយតម្លៃការអនុវត្ត គោលនយោបាយ និងយុទ្ធសាស្ត្រ និងការវាយតម្លៃផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ដែលការដ្ឋានការងារទាំងនេះក៏ជាមុខងារ និងតួនាទីរបស់ក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុនផងដែរ៕

To Top