ព័ត៌មានជាតិ

លោក ឡុង ឌីម៉ង់ ថា អាជ្ញាធរអាចគ្រប់គ្រង សភាពការណ៍ប្រេងអណ្តែត លើឆ្នេរព្រែកត្រែងបានហើយ

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានលើកឡើងថា ប្រេងដែលហូរអណ្តែត មកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ បានសម្អាតប្រមាណជា ៩៥ភាគរយហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏មិនទាន់អាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចុះមុជទឹកលេងកម្សាន្ត បាននៅឡើយទេ ដោយត្រូវរង់ចាំមួយរយៈពេលខ្លីសិន ។

លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាព្រឹកថ្ងៃ៤ កុម្ភៈថា បន្ទាប់ពីប្រេង២ពាន់លីត្រ ហូរអណ្តែតមកលើឆ្នេរព្រែកត្រែង កាលពីថ្ងៃ១ កុម្ភៈរួចមកបានសម្អាត ប្រមាណជា៩៥ភាគរយហើយ នៅសល់តែកំណកកម្អែលបន្តិចបន្តួចប៉ុណ្ណោះ ខណៈក្រុមការងាររបស់ក្រសួងពាក់ព័ន្ធ កំពុងមមាញឹកសម្រុកសម្អាត ដើម្បីឲ្យពលរដ្ឋ ចុះលេងទឹកបានឆាប់ៗនេះ ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា “មកដល់ថ្ងៃទី៤ កុម្ភៈនេះ ស្ថានភាពមានលក្ខណៈល្អប្រសើរច្រើនហើយ សឹងតែអាចគ្រប់គ្រងសភាពការណ៍បានអស់ហើយ ។ ដោយឡែកការសម្អាតឆ្នេរព្រែកត្រែង យើងអាចថា សម្រេចបាន៩៥ភាគរយ វានៅសល់កំណកតិចតួចដែលត្រូវបានរលកបក់មក ។ ប្រេងដែលយើងទប់ស្កាត់បានគឺយើងទប់រួចហើយ ប៉ុន្តែមួយចំនួនខ្លះវានៅអណ្តែតលើផ្ទៃសមុទ្រ ហើយនៅពេលរលកបក់មក វានាំមកជាប្រភេទកំណកស្អិតៗដូចកៅស៊ូចឹង តិចតួចទេ” ។

ចំពោះការចុះមុជទឹកវិញ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា បានដាក់ផ្លាកសញ្ញាហាមឃាត់ចុះមុជទឹកក្នុងរយៈពេលខ្លីសិន ដើម្បីឲ្យអស់ប្រេងនៅលើផ្ទៃសមុទ្រ ដើម្បីធានាដល់សុខភាព ។ ម្យ៉ាងទៀត នៅពេលអស់ប្រេងក៏នឹងមានការពិនិត្យគុណភាពទឹកផងដែរ ដើម្បីធានាថាគុណភាពទឹកសមុទ្រ នឹងវិលទៅរកស្ថានភាពដូចដើមវិញ ។

អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ពីប្រភពនៃការហៀរកំពប់ប្រេងនេះគឺបណ្តាលមកពីការធ្លាយរ៉ងបំពង ក្នុងឃ្លាំងស្តុកប្រេងស្ថិតនៅស្រុកស្ទឹងហាវនេះតែម្តង ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១ កុម្ភៈ ប្រេងប្រមាណ២០០០លីត បានហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ក្នុងខេត្តព្រះសីហនុ ប៉ុន្តែភ្លាមៗ បានក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបានចុះសម្អាត ដើម្បីទប់ស្កាត់កុំឲ្យប៉ះពាល់ ដល់បរិស្ថាននៅជុំវិញនោះ ៕

To Top