ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ បើចង់ដោះស្រាយ បញ្ហាថ្នាំហ្វេនតានីល ពីឬសគល់ អាមេរិកត្រូវស្វែងរក មូលហេតុចេញពីខ្លួន

តើថ្នាំហ្វេនតានីល និងពន្ធគយមាន “ទំនាក់ទំនងឡូហ្ស៊ីក”យ៉ាងណា ? ពិភពលោកក៏មិនអាចដោះស្រាយ បញ្ហាដ៏ខុសទំនងនេះដែរ ។ នាពេលថ្មីៗកន្លងទៅនេះ ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយ១០ភាគរយ លើទំនិញចិន ដែលនាំចេញទៅសហរដ្ឋអាមេរិក ដោយយកបញ្ហាថ្នាំហ្វេនតានីល ធ្វើជាលេស ។ តើនៅពីក្រោយនេះ បានបង្កប់នូវបំណងបែបណាដែរ ?

សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំ ចុងក្រោយនេះ បញ្ហាថ្នាំហ្វេនតានីល ជាបញ្ហាចំណុចក្តៅមួយដែលអាមេរិកបានឃោសនាបំប៉ោង ។ អ្នកនយោបាយអាមេរិក មួយចំនួនបានទម្លាក់កំហុស នៃការប្រើប្រាស់ថ្នាំហ្វេនតានីល យ៉ាងអនាធិបតេយ្យ ទៅលើប្រទេសចិន ដោយបានអះអាងថា “សារធាតុគីមីមកពីប្រទេសចិន ដែលងាយផលិតថ្នាំហ្វេនតានីល ត្រូវបានកែច្នៃនៅម៉ិកស៊ិក រួចនាំចូល ទៅកាន់អាមេរិក” ដើម្បីដាក់ទណ្ឌកម្មទៅលើស្ថាប័ន សហគ្រាសនិងពលរដ្ឋចិន ដោយយករឿងនេះធ្វើជាលេស ក៏ដូចជាបំភាន់មតិសាធារណៈក្នុងស្រុក និងអន្តរជាតិផងដែរ ។

លោក Li Haidong សាស្រ្តាចារ្យ នៃវិទ្យាស្ថានការទូតបានវិភាគថា អ្នកដឹកនាំរបស់អាមេរិកអាណត្តិបច្ចុប្បន្ន គ្រាន់តែឡើងកាន់មុខតំណែងជាង១០ថ្ងៃ ក៏បានដំឡើងពន្ធគយទៅលើប្រទេសចិន ដោយយកបញ្ហាថ្នាំហ្វេនតានីល ធ្វើជាលេស នៅពីក្រោយនេះគឺពោរពេញ ទៅដោយការគិតគូពីផល ប្រយោជន៍របស់ខ្លួន ។ ដូចកាលពីមុនដែរ អាមេរិក បានទម្លាក់កំហុស ទៅលើប្រទេសចិន និងម៉ិកស៊ិកជាដើម ដើម្បីបង្ហាញពីអាកប្បកិរិយាយ៉ាងខ្លាំង និងលើកកម្ពស់អត្រាគាំទ្ររបស់ប្រជាជន តាមការស្ទង់មតិ ។

តាមស្ថិតិនៃនាយកដ្ឋានគ្រប់គ្រង់ ថ្នាំស្ពឹកអន្តរជាតិឱ្យដឹងថា អាមេរិកជាប្រទេសផលិត និងប្រើប្រាស់ថ្នាំប្រភេទហ្វេនតានីល ច្រើនជាងគេនៅលើពិភពលោក ពោលគឺមានចំនួនប្រជាជន ៥ភាគរយ នៅលើពិភពលោកបានប្រើប្រាស់ថ្នាំប្រភេទអាភៀន ចំនួន៨០ភាគរយ លើពិភពលោកទាំងមូល ។ ទិន្នន័យរបស់រដ្ឋបាល ប្រឆាំងគ្រឿងញៀន នៃប្រទេសអាមេរិក បានបង្ហាញថា ការប្រើប្រាស់ថ្នាំហ្វេនតានីល ហួសកម្រិតក្លាយជាមូលហេតុ ដ៏សំខាន់ដែលបណ្តាល ឱ្យប្រជាជន អាមេរិកអាយុពី១៨ឆ្នាំដល់ ៤៥ឆ្នាំស្លាប់បាត់បង់ជីវិត នេះជា “ការគំរាមកំហែងពីគ្រឿនញៀន ដ៏កាចសាហាវបំផុតដែលអាមេរិក បាននិងកំពុងប្រឈមមុខក្នុងប្រវត្តិសាស្ត្រ ។”

ហេតុអ្វីបាន ជាថ្នាំហ្វេនតានីល ត្រូវបានគេប្រើប្រាស់យ៉ាងអនាធិបតេយ្យ នៅអាមេរិក ?មូលហេតុមួយ គឺដោយសារអាច ទទួលបានផល ប្រយោជន៍ យ៉ាងច្រើន ដូច្នេះសហគ្រាសផលិតឱសថធំៗបាននិយាយបញ្ចុះបញ្ចូល ឱ្យអ្នកនយោបាយផ្តល់ការការពារ ផ្នែកគោលនយោបាយ រីឯតំណាង របស់ក្រុមហ៊ុន ផលិតឱសថ ក៏លើកទឹកចិត្តតាមមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីឱ្យគ្រូពេទ្យចេញថ្នាំ តាមវេជ្ជបញ្ជាកាន់តែច្រើន ហើយឱសថស្ថានក៏ខំប្រឹង ពពាយនាយលក់ដែរ ដែលបានកកើតទៅជាខ្សែសង្វាក់ ផលប្រយោជន៍យ៉ាងពេញលេញមួយ ។ ប៉ុន្មានថ្ងៃមុន ក្នុងកម្មវិធី Rednote ដែលជាកម្មវិធី ទំនាក់ទំនង សង្គមពេញ និយមនៅប្រទេសចិន អ្នកប្រើប្រាស់បណ្តាញអ៊ីធឺណែត របស់ចិន និងអាមេរិកបានធ្វើការពិភាក្សាគ្នា អ្នកប្រើប្រាស់បណ្តាញ អ៊ីធឺណែត របស់អាមេរិក បានលើកឡើងថា ថ្នាំប្រភេទអាភៀនត្រូវបានចេញជាវេជ្ជបញ្ជាជ្រុលហួសហេតុ នេះជាមូលហេតុដ៏សំខាន់ ដែលកើតមានវិបតិ្តប្រើប្រាស់ ថ្នាំហ្វេនតានីលយ៉ាងអនាធិបតេយ្យ ។

មួយផ្នែកទៀត ក្នុងបរិបទបែកបាក់គ្នា ខាងនយោបាយ ពិតមែនតែអ្នកនយោបាយអាមេរិក បាននិយាយបានតែមាត់ថា យកចិត្តទុកដាក់ លើបញ្ហាថ្នាំហ្វេនតានីល ប៉ុន្តែតាមពិតទៅ បានចាត់ទុកបញ្ហានេះ ជាឧបករណ៍ប្រយុទ្ធគ្នារវាងបក្សទាំងពីរ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រួតពិនិត្យ និងគ្រប់គ្រងដោយអសមត្ថភាព ការឃោសនាផលវិបាក របស់គ្រឿងញៀនមិនគ្រប់គ្រាន់ ច្បាប់របស់បណ្តារដ្ឋអាមេរិក សម្រាប់គ្រប់គ្រងឱសថ មានកម្រិតហាមឃាត់មិនដូចគ្នា រដ្ឋចំនួនលើស ពីពាក់កណ្តាលអនុវត្ត “ការប្រើប្រាស់កញ្ឆាស្របច្បាប់”។ល។ ប្រការទាំងនេះ សុទ្ធតែធ្វើឱ្យការប្រើប្រាស់ថ្នាំ ប្រភេទហ្វេនតានីល មានសភាពកាន់តែធ្ងន់ធ្ងរ ។

កាលពីខែមីនា ឆ្នាំ២០២២ «របាយការណ៍ស្តីពីយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដែលចេញផ្សាយដោយក្រសួង ការបរទេសអាមេរិក បានទទួលស្គាល់ថា “ចាប់ពីប្រទេសចិន បានគ្រប់គ្រងនិងហាមឃាត់ទាំងស្រុង ចំពោះប្រភេទថ្នាំហ្វេនតានីលកាលពីឆ្នាំ២០១៩មក ស្ទើរតែមិនដែល រកឃើញថ្នាំហ្វេនតានីល ឬ សារធាតុប្រភេទហ្វេនតានីល ដែលនាំចូលពីប្រទេសចិន ទៅកាន់អាមេរិកទេ ។ ” ក្រៅពីនេះ ប្រទេសចិនបានយកចិត្តទុក ដាក់ខ្ពស់ទៅលើកិច្ចសហប្រតិបតិ្តការ អនុវត្តច្បាប់ ជាមួយប្រទេសម៉ិកស៊ិក លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រីឯភាគីម៉ិកស៊ិកក៏មិន ដែលឆែកឃើញសារធាតុគីមី ងាយផលិតគ្រឿងញៀន ដែលមកពីប្រទេសចិនដែរ ។
កាលពីឆ្នាំ២០២៤ បន្ទាប់ពីភាគីទាំងពីរចិន និងអាមេរិកបានបង្កើតក្រុមការងារ សហការប្រយុទ្ធប្រឆាំងគ្រឿងញៀនមក ភាគីចិនបានជំរុញយ៉ាង សកម្មឱ្យកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងចិននិងអាមេរិកមានភាពកាន់តែស៊ីជម្រៅ លើមូលដ្ឋាន “គោរពគ្នាទៅវិញទៅមក គ្រប់គ្រងការខ្វែងគំនិត និងធ្វើកិច្ចសហប្រតិបតិ្តការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ”ជាប់រហូតមក ក្នុងន័យពួតដៃគ្នាឆ្លើយតបនឹង បញ្ហាគ្រឿងញៀន នៅលើពិភពលោកទាំងមូល ។ ដូច្នេះ អាមេរិក គួរតែឱ្យតម្លៃ ទៅលើសុទ្ធចិត្តរបស់ចិន ដើម្បីការពារភាពបរិសុទ្ធ នៃកិច្ចសហប្រតិបតិ្តការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រវាងចិន និងអាមេរិក ដែលបានមកដោយមិនងាយនោះ ៕

To Top