ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន លីហ្វ៊ូដ ចូលជួបសម្តែង ការគួរសម និងធ្វើបទបង្ហាញ អំពីគម្រោងក្នុងការ វិនិយោគបង្កើតរោង ចក្រផលិតសាច់មាន់នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ ឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន លីហ្វ៊ូដ និង លោក ហ្គារេត តាន់ នាយកគ្រប់គ្រងទូទៅ (Mr. Gareth Tan, Managing Director of Lee’s Food Service Ltd.) ព្រមទាំងសហការី បានចូលជួប សម្តែងការគួរសម និងធ្វើបទបង្ហាញអំពីគម្រោង ក្នុងការវិនិយោគបង្កើតរោង ចក្រផលិតសាច់មាន់នៅកម្ពុជា ។

សូមបញ្ជាក់ថា ក្រុមហ៊ុន លីហ្វ៊ូដ បានបើកដំណើរការតាំងពីឆ្នាំ ២០១០ ហើយក៍ជាក្រុមហ៊ុនដែលនាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនធំៗដែលនាំចូល និងចែកចាយក្នុងវិស័យម្ហូបអាហារ។

ក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ បានធ្វើការផ្លាស់ប្តូរយោបល់ និងផ្តល់នូវអនុសាសន៍ មួយចំនួនដល់ ថ្នាក់ដឹកនាំក្រុមហ៊ុន លីហ្វ៊ូដហើយជាពិសេស គឺលោកបណ្ឌិតប្រតិភូ សូមអោយក្រុមហ៊ុនធ្វើយ៉ាងណា ដើម្បីសហការផលិតជាមួយកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុក និងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋកម្ពុជា នូវសាច់មាន់ដែលប្រកបដោយគុណភាព អនាម័យ និងតម្លៃសមរម្យដែលអាចធ្វើទៅបាន ថែមទាំងអាចប្រកួតប្រជែង ជាមួយប្រទេសជិតខាង ស្របតាមចក្ខុវិស័យ របស់ធនាគារ ARDB និងក្រោមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ក្នុងការលើក កម្ពស់ផលិតផលកសិកម្ម៕

To Top