ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានះញ្ជើញធ្វើទស្សនកិច្ចនៅរោងចក្រ ផលិតគ្រឿងបំណែក និងដំឡើងម៉ូតូ Honda នៃក្រុមហ៊ុន NCX ។
គួរឱ្យដឹងថា ចាប់តាំងពីការបោះទុនវិនិយោគ លើការផលិតគ្រឿងបំណែក និងដំឡើងម៉ូតូ Honda ពីឆ្នាំ១៩៩៩ រហូតមកទល់ពេលនេះ ក្រុមហ៊ុន NCX តែងតែប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងនោះក្រុមហ៊ុនផ្តោតសំខាន់លើ៖១. ស្តង់ដារបច្ចេកទេស និងគុណភាព, ២. ល័ក្ខខ័ណ្ឌការងារ, ៣. សុវត្ថិភាព និងអនាម័យ និង៤. បរិស្ថានកន្លែងធ្វើការ។
ជាមួយគ្នានេះ ក្រុមហ៊ុន បានប្រើប្រាស់បុគ្គលិកកម្មករខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ ទៅតាមស្តង់ដាររបស់ Honda យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធី បង្កើនជំនាញដល់បុគ្គលិកកម្មករ ស្របតាមបរិបទ នៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល។ ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុក ក្រុមហ៊ុនក៏បាននាំចេញ គ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជាទៅកាន់ប្រទេសថៃ ជាដើម៕