ព័ត៌មានជាតិ

វិទ្យាស្ថានជាតិ សុខភាពសាធារណៈ កំពុងចូលរួមចំណែក យ៉ាងសំខាន់ ពង្រឹងប្រពន្ធ័សុខាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសរសើរ ដល់វិទ្យាស្ថានជាតិ សុខភាព សាធារណៈរៀបចំ “វេទិកាជម្រុញកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ រវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធ” ដើម្បីគៀងគរ ការចូលរួមពីភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ពង្រឹងវិទ្យាស្ថាន ក្នុងការសម្រេចចក្ខុវិស័យ របស់ខ្លួន ខណៈវិទ្យាស្ថាន បាននិងកំពុង ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង ប្រពន្ធ័សុខាភិបាល និងចូលរួមជា មួយរាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០ ។

វេទិកាជំរុញកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងចម្បង បង្ហាញពីគោលដៅ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ របស់វិទ្យាស្ថានជាតិ សុខភាពសាធារណៈ និង ថ្លែងអំណរគុណដល់ភាគី ពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម ជួយអភិវឌ្ឍវិទ្យាស្ថានកន្លងមក ។ វិទ្យាស្ថានជាតិ សុខភាពសាធារណៈ គឺជាសេនាធិការ បច្ចេកទេសវិទ្យាសាស្រ្ត របស់ក្រសួងសុខាភិបាល ដែលមានបេសកកម្មចូលរួម លើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា តាមរយៈការអប់រំ បណ្តុះបណ្តាល និង អភិវឌ្ឍសមត្ថភាពលើ ជំនាញសុខភាពសាធារណៈ , ការពង្រឹង និងពង្រីកសមត្ថភាព មន្ទីរពិសោធន៍វេជ្ជសាស្រ្តទូទាំងប្រទេស និងការស្រាវជ្រាវ និងគាំទ្រ គោលនយោបាយសុខាភិបាល ។

ក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ វិទ្យាស្ថានជាតិ សុខភាពសាធារណៈ មានចក្ខុវិស័យប្រែក្លាយខ្លួន ជាគ្រឹះស្ថានឧត្តមសិក្សា ដែលឈានមុខក្នុងការអប់រំ និងបណ្តុះបណ្តាលជំនាញ សុខភាពសាធារណៈ និងផ្នែកពាក់ព័ន្ធ ប្រកបដោយគុណភាព ។

ដោយសារមើលឃើញពីវិសាលភាពនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈនេះហើយ ទើបសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ក្នុងការលើកទឹកចិត្ត និងបន្តគាំទ្រដល់វិទ្យាស្ថាន ក្នុងការងារកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ វិទ្យាស្ថានត្រូវប្រកាន់យកភាពជាម្ចាស់ក្នុង ការអនុវត្តសកម្មភាព និងត្រូវរិះរកយន្តការ ដើម្បីធានាឱ្យមាននិរន្តរភាព នៃសកម្មភាពដែលមានផលជះជាវិជ្ជមាន ដល់ប្រពន្ធ័សុខាភិបាល។ ថ្នាក់ដឹកនាំ និងបុគ្គលិកវិទ្យាស្ថានត្រូវពង្រឹង សមត្ថភាពខ្លួនជានិច្ច ដើម្បីឆ្ពោះទៅរកឧត្តមភាពលើជំនាញសុខភាពសាធារណៈ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត និងការសិក្សាស្រាវជ្រាវលើប្រពន្ធ័សុខាភិបាល ធ្វើយ៉ាងណាឲ្យសមនឹងវិសាលភាព នៃឈ្មោះរបស់ខ្លួន។

លោករដ្ឋមន្រ្តីបន្តថា ក្នុងបិរបទនៃសុខាភិបាលឌីជីថល វិទ្យាស្ថានត្រូវពង្រឹងសមត្ថភាពលើជំនាញគ្រប់គ្រងទិន្នន័យ និងប្រើប្រាស់ទិន្នន័យ ឱ្យអស់លទ្ធភាព ដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទាន់សម័យ និងនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់ការ លើកកម្ពស់សុខភាពនៅកម្ពុជា។ ជាមួយគ្នានេះ វិទ្យាស្ថានគួរពង្រីកវិសាល ភាពរបស់ខ្លួនសម្រាប់ជួយ បណ្តុះបណ្តាល និង ពង្រឹងការសិក្សាស្រាវជ្រាវ នៅតាមមន្ទីរពេទ្យ សម្រាប់ប្រើប្រាស់ ក្នុងការកែលម្អគុណភាពសេវា ជាពិសេសបណ្តុះធនធានលើផ្នែកអេពីដេមីសាស្ត្រ និងកម្រិតបណ្ឌិតសុខភាពសាធារណៈ ដែលជាតម្រូវការចាំបាច់ របស់ក្រសួងសុខាភិបាល ។ វិទ្យាស្ថានត្រូវបន្តពង្រីកកម្មវិធីកែលម្អគុណភាពសេវា មន្ទីរពិសោធន៍ របស់ខ្លួន សម្រាប់ប្រើប្រាស់ ឱ្យបានទូលំទូលាយក្នុង ការងារកែលម្អគុណភាព សេវាមន្ទីរពិសោធន៍ នៅទូទាំងប្រទេស។

ជាមួយគ្នានេះ វិទ្យាស្ថាន ត្រូវពង្រឹងបណ្តាញមន្ទីរ ពិសោធន៍សុខភាព សាធារណៈនៅក្នុងប្រទេស ដើម្បីបង្កើនប្រសិទ្ធិភាព នៃការងារតាមដានការរីករាលដាលនៃជំងឺឆ្លង និង គ្រោះអាសន្នសុខភាព សាធារណៈផ្សេងៗឱ្យកាន់តែមានប្រសិទ្ធិភាព និងទាន់ពេលវេលា ៕

To Top