ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ភាពជោគជ័យ របស់ក្រុមហ៊ុន NCX គឺជាគំរូមួយដែលវិស័យឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជំនាញ ជូនប្រជាពលរដ្ឋខ្មែរ ។
តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ ជូនប្រជាពលរដ្ឋជាអាទិភាព ចម្បងរបស់រាជរដ្ឋាភិបាល។
សម្តេចបវរធិបតី បន្ដថា ការធ្វើពិពិធកម្មផលិតកម្ម គឺជាមធ្យោបាយមួយដើម្បីសម្រេចបានគោលដៅទាំងនេះ ដែលក្នុងនោះការពង្រឹង និងលើកស្ទួយវិស័យឧស្សាហកម្ម និងកម្មន្តសាល គឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល។
សម្តេចបវរធិបតី ក៏បានអបអរសាទរ ចំពោះការរីកលូតលាស់របស់ក្រុមហ៊ុន NCX ដែលក្នុងរយៈពេល២៦ឆ្នាំនេះ បានប្រែក្លាយពីក្រុមហ៊ុនដែលនៅឆ្នាំ ១៩៩៩ មានបុគ្គលិក ៧៤នាក់ និងមានសមត្ថភាពត្រឹត្រឹមតែនាំចូលគ្រឿង បង្គំគ្រប់មុខពីក្រៅប្រទេសមកផ្គុំនិងដម្លើងម៉ូតូ Honda លក់ក្នុងទីផ្សារកម្ពុជា ទៅជាក្រុមហ៊ុនមួយដែលបច្ចុប្បនមានបុគ្គលិកជំនាញជាង ១២២០នាក់ និងមានសមត្ថភាពផលិតគ្រឿងបង្គំច្រើនមុខ និងដម្លើងម៉ូតូលក់នៅទីផ្សារកម្ពុជា និងនាំគ្រឿងបង្គំម៉ូតូមួយ ចំនួនទៅលក់នៅក្រៅប្រទេសផងដែរ ។
សម្តេចបវរធិបតី នាយករដ្ឋមន្ដ្រី បានគូបញ្ជាក់ថា «ភាពជោគជ័យ របស់ក្រុមហ៊ុន គឺជាគំរូមួយដែលវិស័យឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញ កំណើនសេដ្ឋកិច្ច និងបង្កើតការងារជំនាញជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាលើកកម្ពស់ភាពម្ចាស់ការ របស់កម្ពុជាក្នុងការផលិតដោយខ្លួនឯង នូវផលិតផលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក»៕