សេអ៊ូល ៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសកូរ៉េខាងត្បូង បានស្វែងរកវិធានការឆ្លើយតប ដែលអាចកើតមាន ចំពោះការកើនឡើង នៃភាពតានតឹង នៅក្នុងទីផ្សារពាណិជ្ជកម្មពិភពលោក ដែលបង្កឡើង ដោយការគំរាមកំហែងពន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំដ៏កម្រមួយ ជាមួយមន្ត្រីពាណិជ្ជកម្ម នៅស្ថានទូតកូរ៉េខាងត្បូង នៅក្នុងប្រទេសដែលពាក់ព័ន្ធ ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលលោក Cheong In-kyo បានបើកកិច្ចប្រជុំនិម្មិត ជាបន្ទាន់មួយជាមួយអ្នកពាក់ព័ន្ធពាណិជ្ជកម្ម របស់ប្រទេស នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក កាណាដា ចិន និងជប៉ុន ក៏ដូចជាអ្នកគ្រប់គ្រង ពាណិជ្ជកម្មមកពីទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ (KOTRA) នៅក្នុងប្រទេសទាំងនោះ ។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាអំពីការឆ្លើយតបទៅនឹង ផែនការរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការយកពន្ធលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន។ សហរដ្ឋអាមេរិកបានគ្រោងនឹងដាក់ពន្ធ ២៥ ភាគរយលើការនាំចូលរបស់កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) ប៉ុន្តែបានសម្រេចចិត្តផ្អាក ការដាក់ពន្ធនេះរយៈពេលមួយខែ។
ទោះជាយ៉ាងណាក៏ដោយ ពន្ធ ១០ ភាគរយ លើទំនិញពីប្រទេសចិន បានចូលជាធរមានដូចដែលបានគ្រោងទុក ដែលជំរុញឱ្យទីក្រុងប៉េកាំង វាយបកវិញជាមួយនឹងពន្ធ សងសឹកលើផលិតផលថាមពល និង រថយន្តពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។
នៅក្នុងកិច្ចប្រជុំនោះ លោក Cheong បានលើកឡើងថា ក្រសួងរបស់លោកនឹងតាមដាន ការផ្លាស់ប្តូរសក្ដានុពលពាណិជ្ជកម្មពិភពលោកយ៉ាងដិតដល់ ដោយលើកឡើងពីលទ្ធភាព នៃការដាក់ពន្ធបន្ថែមរបស់សហរដ្ឋអាមេរិក និងបើកដំណើរការ “តុជំនួយ” នៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសរបស់ KOTRA សម្រាប់ក្រុមហ៊ុនកូរ៉េ ។
លោក បានលើកឡើងថា “រដ្ឋាភិបាលនឹងប្រមូលធនធាន ដែលមានទាំងអស់ ដើម្បីបង្កើតវិធានការដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ ដែលអាចកើតមានលើការនាំចេញ និងគាំទ្រក្រុមហ៊ុនក្នុងស្រុកចំពេលមានភាពតានតឹង កើនឡើងនៅក្នុងទីផ្សារពាណិជ្ជកម្មពិភពលោកពីពន្ធគយថ្មី”៕
ប្រែសម្រួល ឈូក បូរ៉ា