ភ្នំពេញ ៖ ជនជាតិវៀតណាម ចំនួន ២៤នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិ ព្រែកចាក ខេត្តកំពត។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៤នាក់ (ស្រី២នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។
ក្នុងនោះទទួលពីស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុចំនួន ៦នាក់, ទទួលពីស្នងការដ្ឋាននគរបាលខេត្ត កំពតចំនួន ៤នាក់ និងទទួលពីស្នងការដ្ឋាន នគរបាលខេត្តកោះកុងចំនួន ១៤នាក់ ស្រី២នាក់ ៕