ភ្នំពេញ៖ កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមានប្រាង្គប្រាសាទជាង ១០០០កន្លែង សម្បត្តិបេតិកភណ្ឌវប្បធម៌ជាច្រើនដែលទទួលស្គាល់ដោយអង្គការ UNESCO និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដឹកនាំដោយ លោក អ៊ុន វិសិទ្ធគុន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញធ្វើការស្វែងយល់ដឹងបន្ថែមអំពីយន្តការអភិវឌ្ឍ និងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡា ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋនិងឯកជន ទាំងថ្នាក់ជាតិ និងក្រោមជាតិ និងកិច្ចប្រតិបត្តិការអន្តរជាតិ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោក លោកស្រី ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ព្រមទាំងតំណាងគណបក្សនយោបាយទាំងអស់សរុបចំនួន ប្រមាណ២៥០នាក់។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពីទិសដៅការងារអាទិភាព៖ ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និងដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង ដោយរក្សាភាពជាខ្មែរ ក្នុងនោះ ការងារអាទិភាពចំនួន ៥ ដែលត្រូវយកចិត្តទុកដាក់នាពេលខាងមុខ រួមមាន៖ ការទាញប្រយោជន៍ឱ្យអស់សក្តានុពលពីគោលដៅទេសចរណ៍ដែលមានស្រាប់ (ដោយឈរលើគោលការណ៍អភិរក្ស, អភិវឌ្ឍ និងរក្សាចីរភាព), ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ប្រកបដោយគុណភាព និងការបើកចំហរទីផ្សារទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក និងការនាំពិភពលោកមកកម្ពុជា (ទាំងនៅ High season, green season)៕