ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងធនាគារ ARDB សហការជំរុញការផ្តល់ហិរញ្ញប្បទានបៃតង ប្រកបដោយប្រសិទ្ធភាព និងការវិនិយោគបៃតង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នាជាមួយ រវាង លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងលោក ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងគោលបំណង ដើម្បីសហការគ្នាគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើសកម្មភាព (Mitigation) និងការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានោះថា ដើម្បីសម្រេចបានជោគជ័យ ក្នុងការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលលើវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ គឺទាមទាឱ្យមានការចូលរួមទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន។

ជាមួយគ្នានោះដែរ លោកបណ្ឌិតរដ្ឋមន្រ្តីបានរំលឹក អំពីកាលានុវត្តភាពជាច្រើនសម្រាប់ វិស័យឯកជន ក្នុងការចាប់យកការវិនិយោគបៃតង កាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ និងទទួលបានឥណទានកាបូន ដែលអាចជួយកាត់បន្ថយថ្លៃដើមនៃការវិនិយោគ។ ឧទាហរណ៍ដូចជា គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពីដំណាំស្រូវ គម្រោងចាប់យកឧស្ម័នមេតានពីកសិដ្ឋាន ចិញ្ចឹមជ្រូក ឬរោងចក្រផលិតម្សៅមី រោងចក្រផលិតអគ្គិសនីពីថាមពលកកើតឡើងវិញ។ ទាំងអស់នេះ សុទ្ធតែឱកាសសម្រាប់វិស័យឯកជន ទាញយកឥណទានការបូន។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នា លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះធនាគារ ARDB នឹងសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួងបរិស្ថាន ក្នុងការផ្តល់ហិរញ្ញប្បទានបៃតងឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ការយល់ដឹងជាសាធារណៈពាក់ព័ន្ធនឹងនិរន្តរភាពបរិស្ថាន និងភាពធន់របស់វិស័យកសិកម្ម។ លោកបណ្ឌិតប្រតិភូមានសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងធនាគារ ARDB នឹងផ្តល់ជាផលវិជ្ជមាន ស្របតាមឆន្ទៈ និងចក្ខុវិស័យរួមក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាស្របតាមតួនាទី ភារកិច្ចរបស់ស្ថាប័នទាំងពីរ ដែលជាផ្នែកមួយជួយគាំទ្រដល់គោលដៅអភិវឌ្ឍន៍ ដែលមានលក្ខណៈប្រកួតប្រជែង មានបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ព្រមទាំងធានានូវជីវភាពរស់នៅប្រកបដោយសុខុមាលភាព សម្រាប់ប្រជាជនជំនាន់ក្រោយ។

ទន្ទឹមនោះ ធនាគារ ARDB ក៏បានផ្តល់សេវាផ្សេងទៀតជូនអតិថិជនគោលដៅ ដោយអនុលោមតាមគោលការណ៍អភិបាលកិច្ចល្អ និងការទទួលខុសត្រូវសង្គម និងបរិស្ថាន។ក្នុងបរិបទនេះ ធនាគារចាំបាច់មានកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះក្រសួងបរិស្ថានជាក្រសួងដែលដើរតួនាទីយ៉ាងសំខាន់ លើកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយផ្តោតលើកិច្ចគាំពារបរិស្ថាននៅកម្ពុជា និងការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០ ដែលមានចក្ខុវិស័យបៃតង ធ្វើឱ្យមានសមភាព តុល្យភាព និងវឌ្ឍនភាព រវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌៕

To Top