ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងវិនិយោគជាង ១៤៣លានដុល្លារ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាពិភពលោក

xinhua

សេអ៊ូល ៖ ក្រសួងឧស្សាហកម្មបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងចំណាយប្រាក់ចំនួន ២០៨,៨ ពាន់លានវ៉ុន (១៤៣,៧ លានដុល្លារអាមេរិក) នៅឆ្នាំនេះ លើគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាសកល ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការ ប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា របស់ប្រទេស ។

យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថា ចំនួននេះកើនឡើង ២៥,៩ ភាគរយពីចំនួនដែលត្រូវគ្នា សម្រាប់ឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

យ៉ាងលម្អិត កូរ៉េខាងត្បូងគ្រោង នឹងដាក់បញ្ចូលទឹកប្រាក់ចំនួន ៩៤,២ ពាន់លានវ៉ុនទៅក្នុងគម្រោងអន្តរជាតិ ដែលមានគោលបំណងជំរុញ ការអភិវឌ្ឍន៍បច្ចេកវិទ្យា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ឬការចូលរួមក្នុងកម្មវិធីផ្តល់មូលនិធិពហុភាគី ដូចជា Eureka និង Eurostars ដែលដឹកនាំ ដោយសហភាពអឺរ៉ុប។

ប្រទេសនេះនឹងចាក់បញ្ចូលទឹកប្រាក់បន្ថែមចំនួន ១០៥,២ ពាន់លានវ៉ុន ទៅក្នុងការបង្កើតមជ្ឈមណ្ឌល សហប្រតិបត្តិការបច្ចេកវិទ្យាឧស្សាហកម្ម នៅស្ថាប័នស្រាវជ្រាវលំដាប់ កំពូលនៅទូទាំងពិភពលោក និងចាប់ផ្តើមគម្រោងស្រាវជ្រាវរួមគ្នារយៈពេលមធ្យមដល់វែង ដើម្បីបង្កើតបច្ចេកវិទ្យាស្នូលសម្រាប់ម៉ាស៊ីនកំណើននាពេលអនាគត នេះបើយោងតាមក្រសួង។

គួរបញ្ជាក់ផងដែរថា ទឹកប្រាក់ចំនួន ៣,៥ ពាន់លានវ៉ុន ផ្សេងទៀត នឹងត្រូវចំណាយលើការលើកកម្ពស់ ការវិនិយោគរបស់អង្គភាពសកល នៅក្នុងគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងស្រុក (R&D) និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនក្នុងស្រុក និងបរទេស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top