បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើតំបន់ហ្គាហ្សាស្ទ្រីប ដោយសន្យាថា នឹងកសាងតំបន់ ដែលហែកហួរដោយសង្រ្គាមនេះឡើងវិញ និងបង្កើតឱកាសសេដ្ឋកិច្ច សម្រាប់អ្នករស់នៅ នាពេលអនាគតរបស់ខ្លួន ។ នៅពេលត្រូវបានសួរថា តើទាហានអាមេរិក នឹងត្រូវដាក់ពង្រាយ ទៅកាន់តំបន់ហ្គាហ្សា ដែរឬទេ លោក ត្រាំ បានប្តេជ្ញាថានឹង “ធ្វើអ្វីដែលចាំបាច់” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃអង្គារបន្ទាប់ពីកិច្ចប្រជុំរវាងលោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមាន ។ ប្រធានាធិបតីអាមេរិកបានរំលឹកឡើងវិញនូវទស្សនៈរបស់លោកថា ប្រជាជនប៉ាឡេស្ទីន គួរតែតាំងទីលំនៅជាអចិន្ត្រៃយ៍នៅកន្លែងផ្សេង ដោយបន្ថែមថា អាមេរិកនឹង “កាន់កាប់” តំបន់ហ្គាហ្សា និងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្រះការបំផ្លិចបំផ្លាញ ដែលបន្សល់ទុកដោយសង្រ្គាមរយៈពេល ១៥ ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។
នៅពេលដែលត្រូវបានគេ សួរឱ្យបញ្ជាក់ពីអ្វីដែលលោកចង់មានន័យដោយ “ការកាន់កាប់”, មេដឹកនាំ សហរដ្ឋអាមេរិករូបនេះបាននិយាយថា លោកស្រមៃមើល “ទីតាំងកម្មសិទ្ធិរយៈពេលវែង” ដែលនឹងនាំមកនូវ “ស្ថិរភាពដ៏អស្ចារ្យ” ដល់មជ្ឈឹមបូព៌ា ទាំងមូល ។ លោក ដូណាល់ ត្រាំ បានអះអាងថា៖ «អ្នករាល់គ្នាដែលខ្ញុំ បាននិយាយថាស្រឡាញ់គំនិតនៃសហរដ្ឋអាមេរិកដែលមានដីនោះ អភិវឌ្ឍវា និងបង្កើតការងាររាប់ពាន់កន្លែង»។
លោក ត្រាំ ក៏បាននិយាយដែរថា លោកមិនបានច្រានចោលការដាក់ពង្រាយ ទាហានអាមេរិក ដើម្បីគាំទ្រ ផែនការអភិវឌ្ឍន៍តំបន់ ហ្គាហ្សា នោះទេ។ លោកថា “យើងនឹងធ្វើអ្វីដែលចាំបាច់។ បើចាំបាច់ យើងនឹងធ្វើវា។ យើងនឹងដណ្តើមយកកន្លែងនោះ»។
សូមបញ្ជាក់ថា ប្រហែល ៩២ភាគរយ នៃផ្ទះនៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមនុស្សប្រហែល ១,៩ លាននាក់ ឬ ច្រើនជាង ៩០ភាគរយ នៃចំនួនប្រជាជននៅតំបន់ហ្គាហ្សា ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីសង្រ្គាមផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣, នេះបើយោងតាមអង្គការសហប្រជាជាតិ។ លោក ដូណាល់ ត្រាំ ដែលជាអតីតមហាសេដ្ឋីអចលនទ្រព្យមួយរូបបានសំដៅម្តងហើយម្តងទៀតទៅកាន់តំបន់ហ្គាហ្សា ថាជា “កន្លែងរុះរើ” ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ៕
ប្រែសម្រួលៈ ណៃ តុលា