ព័ត៌មានជាតិ

ចិនផ្តល់ជំនួយឥតសំណងចំនួន ៤.៤លានដុល្លារ សម្រាប់គាំទ្រ ដល់ការបោស សម្អាតមីននៅកម្ពុជា

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា រដ្ឋាភិបាលចិន ផ្តល់ជំនួយឥតសំណង ៤.៤លានដុល្លារ សម្រាប់គាំទ្រដល់ការបោសសម្អាតមីន នៅខេត្តចំនួន៧ របស់ប្រទេសកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ លោក ហេង រតនា បានលើកឡើងថា «នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥រដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រ ដល់អង្គភាពCMACក្នុងការបោសសម្អាតមីន នៃ”គម្រោងជំនួយចិន លុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection)មានថវិកាសរុប ចំនួន៤.៤០០.០០០ដុល្លារអាមេរិក សម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៨ កុម្ភៈ ២០២៦) ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខ ស្ថិតនៅខេត្តកំពង់ឆ្នាំង»។

លោក បន្ដថា គម្រោងជំនួយនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង៤០០នាក់របស់អង្គភាពCMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ ១)ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ មិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣.៤០០ហិកតា ២) ការស្រាវជ្រាវព័ត៌មានសំណល់ យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាម និងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលេី ៣) ពង្រឹងសមត្ថភាពវិទ្យាស្ថាន បច្ចេកទេសសុនខ ៤) ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។

សូមបញ្ជាក់បន្ថែមថា គម្រោងជំនួយឥតសំណង របស់ប្រជាជននិងរដ្ឋាភិបាលនៃ សាធារណៈរដ្ឋប្រជាមានិតចិន” គម្រោងជំនួយចិន លុបបំបាត់គ្រាប់មីននៅកម្ពុជា” ក្នុងឆ្នាំ២០២៥នេះ ជាជំនួយឆ្នាំទី៣នៃដំណាក់កាលទី៣ (មីនា ឆ្នាំ២០២៣ ដល់កុម្ភៈ ឆ្នំា២០២៦) ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣.២០០.០០០ ដុល្លារសហរដ្ឋអាមេរិក។

ទន្ទឹងនឹងនេះ បើគិតចាប់ពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ អង្គភាពCMACសម្រេចបាននូវលទ្ធផល ដូចជា៖ រំដោះផ្ទៃដីសរុបចំនួនជាង១៥.០៦០ ហិកតា, រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២.៨៤៤ គ្រាប់, ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦.៦៦៨ សំណើ, អប់រំផ្សព្វផ្សាយអំពីគ្រោះ ដោយសារគ្រាប់មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ប្រជាពលរដ្ឋ សរុប ចំនួនជាង១.៨៦៦.៧០០នាក់, ផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ផ្ទាល់និងប្រយោលសរុបចំនួនជាង ២.៤៨៥.៣០០នាក់៕

To Top