ព័ត៌មានជាតិ

លោក ហួត ហាក់ ៖ អាទិភាព៥ ត្រូវយកចិត្តទុកដាក់ ដើម្បីរក្សាឧត្តមភាព ប្រកួតប្រជែង និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាទេសចរណ៍សុវត្ថិភាព

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និងដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង ដោយរក្សាភាពជាខ្មែរ មានការងារអាទិភាពចំនួន៥ ដែលត្រូវយកចិត្តទុកដាក់នាពេលខាងមុខ ។

ការគូសបញ្ជាក់របស់លោក ហួត ហាក់ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដឹកនាំដោយ លោក អ៊ុន វិសិទ្ធគុន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញធ្វើការស្វែងយល់ដឹងបន្ថែម អំពីយន្តការអភិវឌ្ឍ និងការលើកកម្ពស់វិស័យទេសចរណ៍ នៅកម្ពុជា ជាពិសេសសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡា ទាមទារឱ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋនិងឯកជន ទាំងថ្នាក់ជាតិ និងក្រោមជាតិ និងកិច្ចប្រតិបត្តិការអន្តរជាតិ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់, លោក ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ព្រមទាំងតំណាងគណបក្សនយោបាយទាំងអស់ សរុបចំនួន ប្រមាណ២៥០នាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់បន្ថែមអំពីទិសដៅការងារអាទិភាព ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និងដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង ដោយរក្សាភាពជាខ្មែរ ក្នុងនោះ ការងារអាទិភាពចំនួន ៥ ដែលត្រូវយកចិត្តទុកដាក់នាពេលខាងមុខ រួមមាន៖ ការទាញប្រយោជន៍ឱ្យអស់សក្តានុពល ពីគោលដៅទេសចរណ៍ដែលមានស្រាប់ (ដោយឈរលើគោលការណ៍អភិរក្ស, អភិវឌ្ឍ និងរក្សាចីរភាព), ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ប្រកបដោយគុណភាព និងការបើកចំហរទីផ្សារទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក និងការនាំពិភពលោកមកកម្ពុជា (ទាំងនៅ High season, green season)។

គួរបញ្ជាក់ថា កម្ពុជា​ជាប្រទេសតែមួយគត់ ក្នុងតំបន់អាស៊ី ដែលមានប្រាង្គប្រាសាទជាង ១០០០កន្លែង សម្បត្តិបេតិកភណ្ឌវប្បធម៌ជាច្រើន ដែលទទួលស្គាល់ដោយអង្គការ UNESCO និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ៕

To Top