ភ្នំពេញ ៖ ពាក់ព័ន្ធនឹងពាណិជ្ជកម្មធនធានជលផលនេះដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា សហគ្រាសទាំងអស់ ត្រូវចេះថែរក្សាទីផ្សារឱ្យបានល្អ គោរពតាមលក្ខខណ្ឌស្តង់ដាត្រឹមត្រូវ មានគុណភាពល្អ មានអនាម័យខ្ពស់។
ក្នុងពិធីប្រគល់កញ្ចប់ កម្មវិធីហិរញ្ញវត្ថុ គាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធអង្កេត តាមដានឌីជីផលកម្ពុជា (CamTrace) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោករដ្ឋមន្ដ្រី ឌិត ទីណា បានថ្លែងអំណរគុណ ដល់សហភាពអឺរ៉ុប អង្គការ UNIDO និងដៃគូអភិវឌ្ឍពាក់ព័ន្ធជួយតភ្ជាប់ ខ្សែច្រវាក់តម្លៃកាន់តែមានប្រសិទ្ធភាពនូវផលិតផល ជលផលក្រោយប្រមូលផល និងអាចឱ្យសហគ្រាសនានា អាចពង្រីកលទ្ធភាពនិងសមត្ថភាព ក្នុងជំនួញរបស់ខ្លួន។
លើសពីនេះ លោករដ្ឋមន្ដ្រី បានលើកឡើងពីការកើនឡើង នៃផលនេសាទដ៏លើសលប់ក្នុងឆ្នាំនេះ ដែលជាផលវិជ្ជមាន សម្រាប់ប្រជានេសាទ។ លោករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ណែនាំគិត ដល់ប្រជានេសាទនិងសហគ្រាស អំពីការប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្ដរភាព តាមរយៈការកែច្នៃ សម្រាប់បម្រើដល់តម្រូវការទីផ្សារ ទាំងក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ពាក់ព័ន្ធនឹងពាណិជ្ជកម្មធនធាន ជលផលនេះដែរ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «សហគ្រាសទាំងអស់ ត្រូវចេះថែរក្សាទីផ្សារឱ្យបានល្អ គោរពតាមលក្ខខណ្ឌស្តង់ដាត្រឹមត្រូវ មានគុណភាពល្អ មានអនាម័យខ្ពស់ និងបង្កេីនសមត្ថភាពខ្លួនទៅតាមតម្រូវការទីផ្សារ ជាពិសេសទីផ្សារអឺរ៉ុប ដែលជាទីផ្សារមួយដ៏ល្អសម្រាប់ការនាំចេញ»។
ជាថ្មីម្តងទៀត លោករដ្ឋមន្ដ្រី បានបង្ហាញគោលចំហរគាំទ្រ ដល់សហគ្រាសនានាក្នុងអនុវិស័យជលផល ក្នុងស្មារតីភារតភាពខ្ពស់ ដេីម្បីអាចធានាធនធាន ជលផលប្រកបដោយនិរន្តរភាព និងប្រេីប្រាស់ពេញសមត្ថភាព នូវធនធានជលផល ស្របជាមួយនឹងកម្មវិធីតាមដានអង្កេត (CamTrace) មានការត្រួតពិនិត្យច្បាស់លាស់ មានភាពទុកចិត្ត ធានាបាននូវសុវត្ថិភាពចំណីអាហារ និងទទួលបានតម្លៃបន្ថែមខ្ពស់។
លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប អង្គការ UNIDO សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារ និងវិស័យឯកជន ដែលជានិច្ចជា កាលជួយគាំទ្រនូវតម្រូវការបច្ចេកទេស ទុនហរិញ្ញប្បទាន និងដោះស្រាយបញ្ហាប្រឈម នានាក្នុងវិស័យកសិកម្ម ។ ស្របនឹងលទ្ធផលវិជ្ជមាននេះ លោករដ្ឋមន្ដ្រី បានអំពាវនាវដល់បណ្តា ធនាគារផ្សេងៗ ទៀតគិតគូរក្នុងការចូលរួមផ្តល់ជាទុនកម្ចីសម្រាប់សហគ្រាសក្នុងអនុវិស័យជលផល ដែលមានការធានាត្រឹមត្រូវ និងផ្តល់ផលចំនេញ ទាំងអស់គ្នា និងជូនពរដល់អង្គ ពិធីទទួលបានសុខសុភមង្គល ក្រោមម្លប់សុខសន្តិភាព៕