ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា៖ ការងារគ្រប់គ្រងអាងទន្លេ នៅជួបបញ្ហាប្រឈម ទាមទារឱ្យមានការ ចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា ធ្វើផែនការ និងរកដំណោះស្រាយ

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានគូសបញ្ជាក់ថា ការងារគ្រប់គ្រងអាងទន្លេ នៅជួបបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការចូលរួមពីអន្តរក្រសួង និងភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ ដើម្បីពិភាក្សា ធ្វើផែនការ និង ស្វែងរកដំណោះស្រាយ ។

ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំលើកទី២ របស់សមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ នៅទីស្តីការក្រសួង ធនធានទឹក នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំលើកទី២ នាពេលនេះគឺ ក្នុងគោលបំណងដើម្បី ទី១-បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ទី២-ធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ នៃការរៀបចំផែនការ គ្រប់គ្រងអាងទន្លេ និងទី៣-បន្តពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរក្រសួង ស្ថាប័ន ក្នុងការគ្រប់គ្រងអាងទន្លេប្រកបដោយចីរភាព។

រដ្ឋមន្ត្រីធនធានទឹក បានឲ្យដឹងថា នៅក្នុង ឆ្នាំ២០២៤ គណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដែលមានលេខាធិការ ដ្ឋានជាសេនាធិការ បានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ នៅក្នុងការរៀបចំកិច្ចប្រជុំសមាជិក គណៈកម្មាធិការ គ្រប់គ្រងអាងទន្លេ ការផលិតឯកសារ បច្ចេកទេស សម្រាប់ការគ្រប់គ្រង អាងទន្លេ ការបង្កើតក្រុមការងារព្រឹត្តិបត្រព័ត៌មាន ប្រតិបត្តិការទំនប់សំខាន់ៗ ការជំរុញផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ការគ្រប់គ្រងអាងទន្លេដល់ថ្នាក់ខេត្ត ការជួយសម្របសម្រួលរៀបចំបង្កើត គណៈកម្មាធិការគ្រប់គ្រងអាងទន្លេថ្នាក់ខេត្ត និងការអនុវត្តពង្រឹងវិធានការច្បាប់ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ នៅអាងទន្លេមេគង្គ អាងស្ទឹងព្រែកត្នោត និងអាងស្ទឹងមង្គលបូរី។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា «ការងារគ្រប់គ្រង អាងទន្លេ នៅជួបបញ្ហាប្រឈមមួយចំនួន ហើយដែលទាមទារ ឱ្យមានការចូលរួមពីអន្តរក្រសួង និងភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ រួមទាំងទីភ្នាក់ងាររដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពិភាក្សា ធ្វើផែនការ ស្វែងរកដំណោះស្រាយ និងពង្រឹងយន្តការ សម្របសម្រួលធានា ដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីប្រកប ដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ» ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី ថោ ជេដ្ឋា បានសង្កត់ធ្ងន់ថា កន្លងមក ដោយសារតែមានយន្តការ នៃការគ្រប់គ្រងអាងទន្លេ បានល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ គឺអាចជួយសម្រួល និង ជួយដោះស្រាយបានជាអតិបរមា ទៅដល់ការងារអន្តរាគមន៍ ទឹកសម្រាប់ការ បង្កបង្កើនផលស្រូវរដូវប្រាំង និងការប្រើប្រាស់ទឹករបស់បងប្អូនប្រជាកសិករ នាដើមរដូវប្រាំងឆ្នាំ២០២៥នេះ ៕

To Top