ភ្នំពេញ៖ សហជីពនៅកម្ពុជា លើកឡើងថា មន្រ្តីអធិការការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌នឹង ដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ នៅកម្ពុជា ។ ការលើកឡើងរបស់សហជីពដូចនេះ បន្ទាប់ពីមន្រ្តីអធិការការងារនៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញនីតិវិធីធ្វើសម្បថស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជានគរបាលយុត្តិធម៌ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា(CLC) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងនូវវឌ្ឍនភាពនៃមន្រ្តីអធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌នៅពេលនេះ។ វឌ្ឍនភាពការងាររបស់មន្រ្តីអធិការកិច្ចការងាររបស់ក្រសួងការងារ គឺសុទ្ធសឹងតែជាអ្វីដែលសហជីពតំណាងឱ្យកម្មករទាំងមូលចង់បាន ពីព្រោះថាប្រសិនបើយន្តការនៃការធ្វើអធិការកិច្ចការងារកាន់តែប្រសើរ នោះការគោរពសិទ្ធិ និងការអនុវត្តកាតព្វកិច្ចរបស់និយោជក មកលើនិយោជិត រឹតកាន់តែប្រសើរផងដែរ។
![](https://dap-news.com/wp-content/uploads/2025/02/IMG_20250206_152027_223-1024x682.png)
ប្រធានសហភាព ការងារកម្ពុជា មើលឃើញថា មន្រ្តីអធិការការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបាន នីតិសម្បទាជានគរបាលយុត្តិធម៌ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើង នៃដំណើរការធ្វើអធិការកិច្ចការងារ នៅតាមបណ្តារោងចក្រ សហគ្រាស នៅទូទាំងប្រទេស។ មន្រ្តីនគរបាលយុត្តិធម៌ទាំងនេះ នឹងជំរុញឱ្យមានសុខដុមនីយកម្ម រក្សាបាននូវការគោរពសិទ្ធិការងារ ការផ្តល់អត្ថប្រយោជន៍ពេញលេញស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
![](https://dap-news.com/wp-content/uploads/2025/02/3A8A4703-1-1024x683.jpg)
ចំណែក លោក គឹម ចាន់សំណាង ប្រធានសភា សម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះមន្រ្តីអធិការការងារ នៃក្រសួងការងារ ដែលទទួលបាន នីតិសម្បទាជានគរបាលយុត្តិធម៌ជាស្ថាពរ។ ទន្ទឹមនឹងនេះ មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ នឹងតាមដានការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតាមបណ្តារោងចក្រ សហគ្រាស ឱ្យកាន់តែប្រសើឡើងផងដែរ។
![](https://dap-news.com/wp-content/uploads/2025/02/IMG_20250206_163813_347-1024x768.jpg)
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានគូសបញ្ជាក់បន្ថែមថា មន្រ្តីអធិការការងារនៃក្រសួងការងារដែលជានគរបាលយុត្តិធម៌ នឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ការអនុវត្តរបបសន្តិសុខសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យកាន់តែប្រសើរឡើងផងដែរ។ លើសពីនេះមន្រ្តីនគរបាលយុត្តិធម៌នឹងជំរុញរោងចក្រ សហគ្រាសគ្រឹះស្ថាន ដើម្បីប្រែក្លាយ <សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ> ដើម្បីធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់។
ទន្ទឹមនឹងនេះ សហជីពស្នើសុំឱ្យមន្រ្តីអធិការការងារនៃក្រសួងការងារដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ទាំងអស់អនុវត្តតួរនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានក្រមសីលធម៌វិជ្ជាជីវៈ តាមដានឱ្យមានប្រសិទ្ធភាពនូវការអនុវត្តកាតព្វកិច្ចរបស់និយោជកស្របតាមច្បាប់ស្តីពីការងារ។ សហជីពសង្ឃឹមយ៉ាងមុតមាំថា មន្ត្រីនគរបាលយុត្តិធម៌នឹងចូលរួមយ៉ាងសកម្មបន្ថែមទៀតដើម្បីធ្វើឱ្យវិស័យការងារនៅកម្ពុជាកាន់តែប្រសើឡើង។
គួរបញ្ជាក់ថា នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មន្រ្តីអធិការការងារ នៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការ ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ចំនួន ១២០រូបនិងខេត្តព្រះសីហនុ ចំនួន ១១រូប បានបំពេញនីតិវិធីធ្វើសម្បថស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជានគរបាលយុត្តិធម៌។ សម្រាប់អធិការការងារនៅតាមមន្ទីការងារ និងបណ្តុះបណ្តាលនៅតាមបណ្តាខេត្តនានាទៀត នឹងបំពេញនីតិវិធីធ្វើសម្បថជានគរបាលយុត្តិធម៌ នៅតាមសាលាដំបូងខេត្ត តាមកាលកំណត់ជាបន្តបន្ទាប់៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)