តូក្យូ៖ អនុប្រធានក្រុមហ៊ុន ផលិតដែកជប៉ុនបានឲ្យដឹងថា ក្រុមហ៊ុន Nippon Steel Corp. សង្ឃឹមថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងដកការប្រឆាំង របស់លោក ចំពោះការទិញយកក្រុមហ៊ុន United States Steel Corp. ដែលគ្រោងទុក ខណៈដែលកិច្ចព្រមព្រៀង ១៤,១ពាន់លានដុល្លារនឹងបម្រើផលប្រយោជន៍ ជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការវិនិយោគ។
លោក Takahiro Mori បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីប្រាក់ចំណូលចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nippon Steel ថាផែនការ របស់ក្រុមហ៊ុន Nippon Steel ក្នុងការជំរុញអាជីវកម្មរបស់ក្រុមហ៊ុនអាមេរិក ដោយការបន្ថែម សមត្ថភាពផលិតកម្ម និងការផ្តល់នូវបច្ចេកវិទ្យារបស់ខ្លួនគួរតែ “សមស្របឥតខ្ចោះ” ជាមួយនឹងការអំពាវនាវរបស់លោក ត្រាំ សម្រាប់ការវិនិយោគបរទេស។
អតីតប្រធានាធិបតីលោក ចូ បៃដិន បានហាមឃាត់ កិច្ចព្រមព្រៀងទិញយកនៅដើមខែមករា ដោយលើកឡើងពី ហេតុផលសន្តិសុខជាតិ។ លោក ត្រាំ ក៏បានជំទាស់នឹងផែនការនេះក្នុងអំឡុង ពេលយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំមុន នៅក្នុងការប៉ុនប៉ងជាក់ស្តែងមួយ ដើម្បីទទួលបានការបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania ដែលជារដ្ឋសមរភូមិដ៏សំខាន់ ដែលសហរដ្ឋអាមេរិក និងសហជីព United Steelworkers ដែលមានឥទ្ធិពលនយោបាយ មានមូលដ្ឋាន ។
លោក Mori បានលើកឡើងនៅក្នុងសន្និសីទ សារព័ត៌មានថា លោក ត្រាំ “មានសិទ្ធិលុបចោល” ការសម្រេចចិត្តរបស់លោក បៃដិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
ការអត្ថាធិប្បាយ របស់គាត់បានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba គ្រោងនឹងជួបពិភាក្សា ទល់មុខគ្នាជាលើកដំបូងជាមួយលោក ត្រាំ នៅចុងសប្តាហ៍នេះ។ លោក Mori ដែលជាអនុប្រធានប្រតិបត្តិក្រុមហ៊ុន Nippon Steel បានបន្ដថា លោកចាត់ទុកកិច្ចប្រជុំកំពូលនេះថាជា “ឱកាសដើម្បីត្រួសត្រាយផ្លូវ” សម្រាប់ការទិញយកនេះ។
ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោក បៃដិន ក្រុមហ៊ុនផលិតដែករបស់ជប៉ុន និងសហរដ្ឋអាមេរិក បានចាត់វិធានការផ្លូវច្បាប់ ហើយការកាត់ក្តី សម្រាប់បណ្តឹងដែលស្វែង រកការលុបចោលសេចក្តីសម្រេចនេះ បានចាប់ផ្តើម កាលពីថ្ងៃចន្ទនៅក្នុងតុលាការ ឧទ្ធរណ៍របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)