បរទេស៖ ប្រធានាធិបតី អាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលដាក់ទណ្ឌកម្មលើតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញការស៊ើបអង្កេតលើអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនមែនជាសមាជិក ឬមិនទទួលស្គាល់តុលាការ ដែលបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ពីបទឧក្រិដ្ឋកម្ម សង្រ្គាមជុំវិញការឆ្លើយតបយោធារបស់លោកនៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារ របស់ពួកហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ ២០២៣។ ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ រួមទាំងកុមារត្រូវបានសម្លាប់ក្នុងអំឡុង ពេលការឆ្លើយតបរបស់យោធាអ៊ីស្រាអែល។
បទបញ្ជាដែលលោក Trump បានចុះហត្ថលេខា បានចោទប្រកាន់ ICC ពីបទចូលរួមក្នុង “សកម្មភាពខុសច្បាប់ និងគ្មានមូលដ្ឋានសំដៅ លើអាមេរិក និងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់យើង” និងការរំលោភបំពាន អំណាចរបស់ខ្លួនដោយការចេញ “ដីកាចាប់ខ្លួនដោយគ្មានមូលដ្ឋាន” ប្រឆាំងនឹងលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់ Yoav Gallant ។
បទបញ្ជានេះចែងថា “ICC មិនមានយុត្តាធិការលើសហរដ្ឋអាមេរិក ឬអ៊ីស្រាអែលទេ” ដោយបន្ថែមថា តុលាការបានកំណត់ “គំរូដ៏គ្រោះថ្នាក់” ជាមួយនឹងសកម្មភាពរបស់ខ្លួនប្រឆាំងនឹងប្រទេសទាំងពីរ។
សកម្មភាពរបស់លោក Trump បានកើតឡើងនៅ ពេលដែលលោក Netanyahu បំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន។ លោក Netanyahu និងលោក Trump បានពិភាក្សាគ្នាកាលពីថ្ងៃអង្គារនៅឯសេតវិមាន ហើយលោក Netanyahu បានចំណាយពេលខ្លះ ក្នុងកិច្ចប្រជុំជាមួយសមាជិក សភានៅវិមាន Capitol Hill ៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)