ព័ត៌មានជាតិ

រដ្ឋមន្រ្តីអប់រំ៖ ការបោះពុម្ពសៀវភៅប្រវត្តិវិទ្យាថ្មី មិនបានកាឡៃប្រវត្តិសាស្ត្រ

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ការបោះពុម្ពផ្សាយសៀវភៅប្រវត្តិវិទ្យាថ្មី សម្រាប់ថ្នាក់បឋមសិក្សាមិនបានកាឡៃប្រវត្តិសាស្រ្តទេ គឺបានធ្វើឡើងតាមការពិតនៃស្ថានភាពជាក់ស្តែង នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ។

លោករដ្ឋមន្រ្តីមានប្រសាសន៍បកស្រាយបំភ្លឺ ទាក់ទងនឹងការរៀន និងការបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា និងសៀវភៅប្រវត្តិវិទ្យា នៅក្នុងកម្មវិធីសិក្សាទាំង៣កម្រិត នៅបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅកម្ពុជាបែបនេះ បន្ទាប់ពីមានការរិះគន់ ចំពោះក្រសួងបានបោះពុម្ពផ្សាយសៀវភៅប្រវត្តិវិទ្យាថ្មីថ្នាក់ទី៦ ដាក់រូបវិមានឈ្នះឈ្នះលើក្របមុខ មានន័យថា “ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព” ក្នុងចំណោមសៀវភៅប្រវត្តិវិទ្យាទាំង២ក្បាលទៀតនៅថ្នាក់ទី៤ និងថ្នាក់ទី៥។ សៀវភៅថ្នាក់ទី៤ ដាក់រូបភាពនៅក្របមុខ ប្រាសាទអង្គរវត្ត មានន័យថា “ខ្មែរ និងដំណើរឆ្ពោះទៅ សម័យអង្គរដ៏រុងរឿង” និងសៀវភៅថ្នាក់ទី៥ រូបសិស្សសាលាជិះលើរទេះគោទៅសាលា មានន័យថា “ខ្មែរ និងដំណើរឆ្ពោះទៅក្រោម អាណាព្យាបាលបារាំង”។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ចំពោះការចងក្រងសៀវភៅប្រវត្តិវិទ្យាថ្មី ដើម្បីបង្រៀនសិស្សនេះ គឺបានរក្សាខ្លឹមសារប្រភពដើមទាំងអស់ ចាប់តាំងពីទស្សវត្សទី៧០ រហូតមកដល់បច្ចុប្បន្ន ដោយគ្មានកាឡៃប្រវត្តិសាស្រ្តបន្តិចណានោះទេ គ្រាន់តែថែមចំណុចខ្លះៗដែលកម្ពុជាកំពុងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ។

រដ្ឋមន្រ្តីគូសបញ្ជាក់ថា “គឺយើងបានគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ មិនឲ្យមានការកាឡៃប្រវត្តិសាស្រ្តទេ ប៉ុន្តែត្រូវតែនិយាយតែទៅលើការពិតជាក់ស្តែង ។ ក្នុងសៀវភៅថ្មីនេះ យើងមានបន្ថែមពីចំណុចថ្មីមួយចំនួន គឺតួនាទីរណស្សិសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងរបបប៉ុលពត ក៏ដូចជាផែនទីនៃការរំដោះកម្ពុជាឲ្យរួចផុតពី របបប្រល័យពូជសាសន៍ប៉ុលពត” ។

ម្យ៉ាងទៀតលោក ហង់ជួន ណារ៉ុន បានអះអាងថា ការពុម្ពដែលស្របតាមស្ថានភាពជាក់ស្តែងនេះ ក៏បានបន្ថែមចំណុចការទប់ស្កាត់នៃ ការវិលត្រឡប់នៃរបបខ្មែរក្រហមផងដែរ ។ ជាមួយនេះដែរលោកថា ក៏បានបន្ថែមពីចំណុចសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាតស៊ូ ប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហម ហើយរំដោះប្រទេសឲ្យមានសុខសុវត្ថិភាពដូចសព្វថ្ងៃ ៕

To Top