ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចុះពិនិត្យមើលកម្លាំងទ័ព ​ជួយបូមទឹកសង្គ្រោះស្រូវប្រាំង​ នៅស្រុកចន្ទ្រា

ភ្នំពេញ ៖ គោរពតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួលការត្រៀម រៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមហន្តរាយក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បានចុះពិនិត្យមើលបងប្អូនកងទ័ព បន្តបំពេញភារកិច្ចបូមទឹកសង្គ្រោះស្រែប្រាំង ប្រជាពលរដ្ឋស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា នៅថ្ងៃទី២ ខែកុម្ភៈ កន្លងមកនេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានដឹកនាំកម្លាំងទ័ពចំនួន១៥០នាក់ រួមនិងម៉ាស៉ីនបូមទឹកចំនួន៣០គ្រឿង ទុយោបូមទឹក ចប បង្គី និងសម្ភារៈចាំបាច់មួយចំនួន ចុះជួយអន្តរាគមន៍ផ្ទាល់ជាមួយអាជ្ញាធរស្រុកចន្ទ្រា ដើម្បីជួយសង្គ្រោះស្រូវ ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនិងកង្វះទឹកស្រោចស្រព ស្ថិតនៅឃុំសំរោង ឃុំទួលស្តី និងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំង សរុបចំនួន៤៧៤២ហិកតា ៕

To Top