ព័ត៌មានជាតិ

កម្មករនិយោជិត ប្តេជ្ញាចិត្ត ចូលរួមយុទ្ធនាការ ផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺ មិនឆ្លង ជូនដល់បងប្អូនកម្មករ និយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន

ភ្នំពេញ ៖ កម្មករនិយោជិតប្តេជ្ញា ចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺ មិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន។ ទន្ទឹមនឹងនេះ កម្មករនិយោជិតអំពាវនាវ ឱ្យកម្មករនៅទូទាំងប្រទេសចូលរួមយុទ្ធនាការ ដ៏មានសារសំខាន់មួយនេះ ជាមួយរាជរដ្ឋាភិបាលដើម្បីសុខភាពខ្លួន គ្រួសារ និងសង្គមជាតិ ។ ការគាំទ្ររបស់កម្មករនេះ បន្ទាប់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការ ផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ជូនដល់បងប្អូនកម្មករនិយោជិតនៅ តាមសហគ្រាស គ្រឹះស្ថាន នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។

 លោកស្រី សន សាវឿន ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតនៅស្រុកអង្គស្នួល រាជធានីភ្នំពេញ បានគូសបញ្ជាក់ពីការគាំទ្ររបស់ខ្លួន និងការចូលរួមយ៉ាងពេញទំហឹងជាមួយក្រសួងការងារ និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងដល់បងប្អូនកម្មករនិយោជិត។ កម្មករូបនេះថា ការចូលរួមទប់ស្កាត់ជំងឺ មិនឆ្លងនេះមានសារសំខាន់សម្រាប់ គាំពារសុខមាលភាពដល់កម្មករនិយោជិតនៅទូទាំងប្រទេស។

លោកស្រីបន្ថែមថា តាមរយៈការចូលរួមលើយុទ្ធនាការនេះផងដែរ លោកស្រីនឹងកាត់បន្ថយការបរិភាគអាហារផ្តេសផ្តាស កាត់បន្ថយអាហារផ្អែម និងប្រៃពេក។ លើសពីនេះ លោកស្រីនឹងកែប្រែ ឥរិយាបទការរស់នៅ ដោយងាកមកចេះហាត់ប្រាណ ដើម្បីសុខភាព ហើយស្តាប់តាមការណែនាំ របស់ក្រសួង និងអាជ្ញាធរ។ ការធ្វើឱ្យខ្លួនឯងមានសុខភាពល្អ គឺជាការជួយខ្លួនឯង  គ្រួសារ និងប្រទេសជាតិទាំងមូល។ 

ដោយឡែកលោកស្រី ហម សុលាភ ជាកម្មការិនីម្នាក់ទៀត នៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ក៏បានលើកឡើងដែរថា ការដាក់ចេញ នូវយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន គឺជាការយកចិត្តទុកបន្ថែមទៀត របស់រាជរដ្ឋាភិបាលលើសុខុមាលភាព របស់បងប្អូនកម្មករនិយោជិត។

កម្មការិនីរូបនេះ យល់ឃើញថា បើទោះបីលោកស្រី មានបណ្ណ ប.ស.ស. ដែលអាចឱ្យកម្មករ និយោជិតទទួលសេវាថែរទាំសុខភាព ដោយឥតគិតថ្លៃ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែការធ្វើឱ្យខ្លួនឯង មានសុខភាពល្អ គឺ ជារឿងដ៏សំខាន់ និងចម្បងបំផុត ។ លោកស្រីប្តេជ្ញាចិត្តយ៉ាងមុតមាំ ចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺ មិនឆ្លង ជូនដល់បងប្អូនកម្មករនិយោជិត ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង នូវសុខុមាលភាព របស់កម្មករនៅទូទាំងប្រទេស ។

គួរបញ្ជាក់ថា ជំងឺមិនឆ្លង គឺមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ តែជំងឺនេះនឹងឈឺបន្តិចម្តងៗ នាពេលខាងមុខ និងមានលក្ខណៈរ៉ាំរ៉ៃ និងស្មុគស្មាញ។ ជំងឺមិនឆ្លងនឹងប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ដូចនេះ យើងអាចអនុវត្តនូវចំនុចមួយចំនួន ដូចជា ៖
-ត្រូវកាត់បន្ថយការទទួលផ្អែម ភេសជ្ជៈប៉ូវកម្លាំង កាត់បន្ថយការទទួលទានអំបិល ឱ្យបានពាក់កណ្តាលនៃទម្លាប់ហូបប្រៃកន្លងមក កាត់បន្ថយអាហារចៀន ឬបំពង អាហារដែលមានខ្លាញ់ច្រើន និងជៀងវាងការពិសាគ្រឿងស្រវឹង ការពិសាថ្នាំជក់ (បារី)
-ត្រូវបេ្តជ្ញាចិត្តចៀសវាងការពារខ្លួនអ្នក និងក្រុមគ្រួសារ ពីជំងឺទឹកនោមផ្អែម គាំងបេះដូង ខ្សោយតំរង់នោម ស្ទះសរសៃឈាមបេះដូង និងជំងឺលើសឈាម (ដោយសារពិសាប្រៃ)៕

To Top