ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើជើង ឬ Walk Street នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺបានគិតគូររកគន្លឹះនៃការទាក់ទាញ ។
![](https://dap-news.com/wp-content/uploads/2025/02/113-1024x680.jpg)
ខាងលើនេះជាការបញ្ជាក់របស់លោក ឃួង ស្រេង ក្នុងអង្គប្រជុំដកបទពិសោធន៍ ផ្លូវថ្មើជើង (Walk Street) នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។
![](https://dap-news.com/wp-content/uploads/2025/02/115-1024x682.jpg)
ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងថា ក្រោយពីបើកសាល្បងផ្លូវថ្មើជើង (Walk Street) រយៈពេល២ថ្ងៃ នាសប្តាហ៍មុននេះ ឃើញថា មានអ្នកគាំទ្រ និងបានទៅដើរលេងកំសាន្តច្រើន ពោលគឺនៅថ្ងៃទី២ បានកើនឡើងច្រើនជាងថ្ងៃទី១។ នេះបានបង្ហាញឱ្យឃើញពីភាពជោគជ័យមួយជំហានហើយ។
![](https://dap-news.com/wp-content/uploads/2025/02/114-1024x682.jpg)
លោកអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា “ទន្ទឹមនិងនេះយើងក៏បានមើលឃើញ ពីចំណុចចន្លោះប្រហោងមួយចំនួនផងដែរ។ ដូច្នេះហើយទើបយើងបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ដើម្បីរកធាតុចូល យកមកអនុវត្តឱ្យកាន់តែល្អប្រសើរបន្ថែមទៀត”។
![](https://dap-news.com/wp-content/uploads/2025/02/116-1024x682.jpg)
ជាមួយគ្នានេះ ឃួង ស្រេង បានបញ្ជាក់ថា ជាជំហានបន្តត្រូវដោះស្រាយរកចំណតសំរាប់ម៉ូតូ របស់បងប្អូនប្រជាពលរដ្ឋ ដែលទៅដើរលេងកំសាន្តនៅផ្លូវថ្មើជើងនេះ។ បន្តមកទៀត គឺការរៀបចំឱ្យមានការប្រគំតន្ត្រីសម័យ បុរាណ(របាំងគោះត្រឡោក ចាប៉ីដងវែង)កន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងលក់វត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។
![](https://dap-news.com/wp-content/uploads/2025/02/117-1024x682.jpg)
អាជ្ញាធររាជធានីភ្នំពេញ ជឿជាក់ថាក្រោយបន្ថែមការរៀបចំ នូវអ្វីដែលបានលើកឡើងខាងលើនេះ អាចធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិ នឹងមកលេងកំសាន្តកាន់តែច្រើនបន្ថែមទៀត។
![](https://dap-news.com/wp-content/uploads/2025/02/118-1024x682.jpg)
កិច្ចប្រជុំដដែរនេះ លោក ឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ដាក់ភ្លើងបំភ្លឺនៅកន្លែងដែលមានភាពងងឹត បំពាក់អំពូលភ្លើងទាក់ទាញ និងជំរុញឱ្យមានការសំអាតអនាម័យបរិស្ថាន ត្រូវតែស្អាតមានសោភណ្ឌភាព ទើបជាកន្លែងទាក់ទាញ។
![](https://dap-news.com/wp-content/uploads/2025/02/120-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/1119-1024x682.jpg)
កិច្ចប្រជុំនេះ ក៏បានបន្ថែមខ្សែរត់ របស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ចំនួន៣ខ្សែដែលមានស្រាប់មកកាន់ទីតាំងផ្លូវថ្មើជើង(Walk street) ដោយបន្ថែមម៉ោងរហូតដល់ម៉ោង១១យប់ ដើម្បីដឹកប្រជាពលរដ្ឋទៅលំនៅដ្ឋានវិញ។ខ្សែ រត់រថយន្តក្រុងដែលកំពុងប្រតិបត្តិការនៅក្បែរតំបន់ ផ្លូវថ្មើរជើង មានចំនួនមាន៣ខ្សែរត់ ទី២A, ទី៣ និង៤A ក្នុងនោះមាន៖
-ខ្សែទី ២A ចេញដំណើរពីស្ថានីយរថយន្តក្រុងកួចកាណុង ដល់ស្ថានីយរថយន្តក្រុងព្រែកសំរោង (ក្រុងតាខ្មៅ)
-ខ្សែទី៣ ចេញដំណើរពីស្ថានីយសួនច្បារឬស្សីកែវ ដល់ស្ថានីយបុរីសន្តិភាព២
-ខ្សែទី៤A ចេញដំណើរពីស្ថានីយសួនច្បារឬស្សីកែវ ដល់ស្ថានីយបុរីសន្តិភាព២។
![](https://dap-news.com/wp-content/uploads/2025/02/121-1024x575.jpg)
គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street)ត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)