ភ្នំពេញ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សម វិបុលមន្រ្តីគណបក្សកម្លាំងជាតិ គឺពាក់ព័ន្ធករណីញុះញង់បង្កឲ្យមានភាពវឹកវរប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថមន្ត្រីរាជការសាធារណៈ ដែលមានចេតនាញុះញង់នាំឲ្យមាន ការរើសអើងថ្នាក់ដឹកនាំ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ មិនជាប់ពាក់ព័ន្ធរឿងនយោបាយទេ។
បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្នងការភ្នំពេញនៅថ្ងៃទី៧ ខែកុម្ភៈ លោកសម វិបុល អាយុ៥៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបេង ឃុំថ្មពួក ស្រុកកញ្ជៀត ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃ៤ កុម្ភៈ ។ ក្រោយឃាត់ខ្លួនគណបក្សកម្លាំងជាតិក៏ចេញលិខិតថ្កោលទោសចំពោះការចាប់ខ្លួននេះដែរថា ដើម្បីបំភិតបំភ័យ និងបំបាត់សំឡេងបក្សប្រឆាំង ប៉ុន្តែតាមរយៈ សេចក្តីថ្លែងការណ៍នាថ្ងៃ៧ កុម្ភៈនេះ ស្នងការភ្នំពេញ បានបដិសេធចំពោះការចោទប្រកាន់នេះ។
នៅថ្ងៃ៧ កុម្ភៈ លោក សម វិបុល ក៏ត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តទោសទៅតាមច្បាប់ជាធរមាន៕