នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ លោកXi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារ ជាមួយព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេស ប្រ៊ុយណេ ដែលយាងទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅវិមានសភា ប្រជាជននៅទីក្រុងប៉េកាំង ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_08-50-23.jpg)
លោក Xi Jinping បានលើកឡើងថា មិត្តភាពជាប្រពៃណី រវាងចិននិងប្រ៊ុយណេ មានប្រវត្តិយូរអង្វែង។ ក្នុងរយៈពេលជាង៣០ឆ្នាំ ដែលចាប់តាំងពីបង្កើត ទំនាក់ទំនងការទូតមក ភាគីទាំងពីរបានបន្តពង្រឹង ទំនុកចិត្តគ្នាទៅវិញ ទៅមកខាងនយោបាយ តភ្ជាប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ យ៉ាងសកម្ម សម្រេចបាននូវសមិទ្ធផល ជាផ្លែផ្កាក្នុងកិច្ច សហប្រតិបត្តិការ ជាក់ស្តែងលើគ្រប់វិស័យ រក្សាការសម្របសម្រួលល្អ ក្នុងកិច្ចការអន្តរជាតិ និងតំបន់ ដែលបានរួម ចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ក្នុងតំបន់ ។ ប្រទេសចិននិងប្រ៊ុយណេ បានកសាងសហគមន៍ ជោគវាសនាជាមួយគ្នា ស្របតាមនិន្នាការ ទូទៅនៃសម័យកាល និងសមស្របនឹងផល ប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរនិងប្រជាជន នៃប្រទេសទាំងពីរ ហើយបានបើកទំព័រថ្មី ក្នុងទំនាក់ទំនងទ្វេភាគី។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_08-50-27.jpg)
ជាការឆ្លើយតប ព្រះចៅស៊ុលតង់ហាស សាណាល់ មានព្រះបន្ទូលថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋចិន Xi Jinping ប្រទេសចិន បានរក្សានូវកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយបានធ្វើឱ្យប្រជាជន រាប់រយលាននាក់ ចេញផុតពីភាពក្រីក្រ ដែលជាសមិទ្ធផលដ៏អស្ចារ្យ ។ ប្រទេសចិនបានលើកឡើង នូវគំនិតផ្តួចផ្តើមជាសកលធំៗចំនួនបី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ពិភពលោក និងបង្ហាញពីទំនួលខុសត្រូវ របស់ខ្លួនក្នុងនាមជាប្រទេសធំ ។ ភាគីប្រ៊ុយណេប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវគោលនយោបាយចិនតែមួយ ហើយមានឆន្ទៈក្នុងការពង្រឹង ទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការ យុទ្ធសាស្ត្រជាមួយប្រទេសចិន ដើម្បីនាំមកនូវផលប្រយោជន៍ កាន់តែច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)