ភ្នំពេញ ៖ លោក សុខ សង្វារ រដ្ឋលេខាធិការ ក្រសួង មុខងារសាធារណៈ បានជំរុញឱ្យអគ្គនាយកដ្ឋាន គ្រប់គ្រងមុខងារ សាធារណៈ ពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីនៃការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_10-16-30-1024x682.jpg)
ការលើកឡើងរបស់ លោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នាឱកាសអញ្ជើញជា តំណាង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីបើកវេទិកាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ។
លោករដ្ឋលេខាធិការ បានជំរុញឱ្យអគ្គនាយកដ្ឋានពន្លឿនការងារធំៗ ចំនួន២ ទី១៖ ការរៀបចំកម្រងសេវា និងនិយាមប្រតិបត្តិឱ្យ បានរួចរាល់ក្នុងអាណត្តិនេះ និងទី២៖ របៀបរបបការងារ ដើម្បីពន្លឿននីតិវិធី នៅដំណាក់កាលក្រោយពេលប្រឡង សំដៅឱ្យក្រសួង ស្ថាប័នសាមី អាចមានមន្ត្រីប្រើប្រាស់ និងបេក្ខជនជ័យលាភីឆាប់បានទទួលប្រាក់បៀវត្ស។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_10-16-34-1024x682.jpg)
ក្នុងវេទិការនេះ មានការរៀបចំពិភាក្សា និងការបញ្ចេញមតិ យោបល់របស់អង្គវេទិកាយ៉ាងផុសផុល ដើម្បីសិក្សារៀនសូត្រ បទពិសោធន៍ជោគជ័យ និងមេរៀន ពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសដំណើររៀបចំការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលជូនក្រសួង ស្ថាប័ន តាមនិយាមថ្មី របស់រាជរដ្ឋាភិបាល នាពេលកន្លងមក។
អង្គវេទិកា ក៏បានកំណត់នូវការងារ ស្នូលជាអាទិភាព និងបញ្ហាដែលត្រូវដោះស្រាយចំពោះមុខ ព្រមទាំងបានឈ្វេងយល់ យ៉ាងច្បាស់នូវចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការអនុវត្តការងារ របស់អង្គភាពនីមួយៗចំណុះឱ្យអគ្គនាយកដ្ឋាន ដើម្បីលើកម្ពស់ប្រសិទ្ធភាពការងារ ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_10-16-39-1024x682.jpg)
បន្ថែមលើសកម្មភាពគោលធំៗ សម្រាប់ផែនការអនុវត្តន៍ ក្នុងឆ្នាំ២០២៥ អង្គវេទិកា បានឯកភាពជាទិសដៅអនុវត្ត និងរៀបចំជារបាយការណ៍ជូនថ្នាក់ដឹកនាំ ជាពិសេសពន្លឿន ការរៀបចំកម្រងសេវា និងការរៀបចំនីតិវិធី នៅដំណាក់កាលក្រោយ ពេលប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល បន្ថែមលើការងារប្រចាំថ្ងៃ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)