ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក មិនអាចដកខ្លួនចេញពីស្ថាប័ន ដែលវាមិនមែនជា របស់ខ្លួនបានទៀតនោះទេ

Xinhua

យូអិន៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UNHRC) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អាណត្តិរបស់សហរដ្ឋអាមេរិកក្នុ ងនាមជាសមាជិក បានបញ្ចប់ ដែលធ្វើឱ្យប្រទេសនេះ មិនមានសិទ្ធិដកខ្លួនចេញពីស្ថាប័នអន្តររដ្ឋាភិបាល ដែលវាមិនមែន ជាផ្នែករបស់ខ្លួនបានទៀតនោះទេ។

លោក Pascal Sim អ្នកនាំពាក្យរបស់ UNHRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សម្រាប់កំណត់ត្រា សហរដ្ឋអាមេរិកជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកលែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សទៀតហើយ ហើយក្លាយជារដ្ឋអ្នកសង្កេតការណ៍ដោយស្វ័យប្រវត្តិ ដូចជាប្រទេសណាមួយក្នុងចំណោមរដ្ឋទាំង ១៩៣ របស់អង្គការសហប្រជាជាតិ ដែលមិនមែនជាសមាជិកក្រុមប្រឹក្សានេះទៀតទេ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ជាគោលការណ៍ និងក្នុងស្មារតីនៃកិច្ចសន្ទនាពហុភាគី ដែលមានលក្ខណៈក្រុមប្រឹក្សា យើងស្វាគមន៍ និងលើកទឹកចិត្តឱ្យមាន ការចូលរួមពីគ្រប់រដ្ឋសមាជិកអង្គការសហប្រជាជាតិ មិនថាជាសមាជិកក្រុមប្រឹក្សា ឬអ្នកសង្កេតការណ៍ នៅក្នុងការងារ របស់ក្រុមប្រឹក្សា និងយន្តការរបស់ខ្លួន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបាន ចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិ ដោយដកសហរដ្ឋអាមេរិក ចេញពី UNHRC ។ UNHRC មានរដ្ឋជាសមាជិកចំនួន ៤៧ ដែលមានអាសនៈ ប្រហែលមួយភាគបី នៃការបោះឆ្នោតរបស់ខ្លួនជារៀងរាល់ឆ្នាំ ។ រដ្ឋជាសមាជិកមានអាណត្តិបីឆ្នាំ ហើយអាចនឹងត្រូវ បានបោះឆ្នោតម្តងទៀត ។

ក្នុងអំឡុងពេលអាណត្តិទីមួយរបស់លោក ត្រាំ សហរដ្ឋអាមេរិកបានដកខ្លួនចេញពី UNHRC ក្នុងខែមិថុនា ឆ្នាំ២០១៨។ នៅខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់មករដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានប្រកាសថារដ្ឋបាលលោក ចូ បៃដិន នឹងចូលរួមជាមួយក្រុមប្រឹក្សា ជាអ្នកសង្កេតការណ៍ឡើងវិញ ។ សហរដ្ឋអាមេរិកបានត្រឡប់ មកកាន់ស្ថាប័ននេះវិញ ក្នុងខែមករា ឆ្នាំ២០២២ ក្នុងនាមជាសមាជិកពេញសិទ្ធិ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top