ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោក Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសបានឲ្យដឹងថា អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងលោក និងលោកស្រីរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ហើយនិងថ្នាក់ដឹកនាំវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគី ជាមួយ លោក Ferdinand R. Marcos Jr. ដើម្បីពិភាក្សាអំពីកិច្ចស ហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ។ បន្ទាប់ពីជំនួប ពិភាក្សានេះ ថ្នាក់ ដឹកនាំទាំងពីរ នឹងចូលរួមជាអធិបតី ក្នុងពិធីផ្លាស់ប្តូរឯកសារ កិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខាមួយចំនួន។

ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោក Francis “Chiz” G. Escudero ប្រធានព្រឹទ្ធសភា និងលោក Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏នឹងអញ្ជើញ ផ្តល់កិត្តិយសថ្លែងសុន្ទរកថា បើកក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ព្រមទាំងជួបជាមួយបណ្តា ក្រុមហ៊ុនហ្វីលីពីនផងដែរ ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋហ្វីលីពីន នាពេលនេះ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ ៕




