ព័ត៌មានជាតិ

ផ្លូវថ្មើរជើង ឬ Walk Street របស់រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋកាន់តែច្រើន ពីមួយសប្តាហ៍ទៅមួយសប្តាហ៍

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី២ក្នុងសប្តាហ៍ទី២ នារាត្រីថ្ងៃទី៩ កុម្ភៈនេះ តាមការសង្កេត មានភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋបន្តកើនឡើង ជាងសប្តាហ៍មុនទៅទៀត។

ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (Walk Street) កាលពីនារាត្រីថ្ងៃទី៩កុម្ភៈនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ការដាក់ដំណើរការផ្លូវថ្មើរជើង (Walk Street) បានចាប់ផ្តើម តាំងពីថ្ងៃទី១កុម្ភៈ មកម្ល៉េះ តែមនុស្សម្នារ ចាប់ផ្តើមកើនឡើងនៅថ្ងៃទី២ ក្នុងសប្តាហ៍ទី១ ដោយឡែកសម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់លោក ពលរដ្ឋបន្តកើនឡើង ជាងសប្តាហ៍មុនទៅទៀត ។

ក្នុងនោះលោក ឃួង ស្រេង មានប្រសាសន៍ថា “ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្ត មកកម្សាន្តផ្លូវថ្មើរជើង ដែលជាការសាកល្បង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាការគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ“។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានបង្ហាញក្តីសង្ឃឹមថា ដំណើរការសាកល្បងនេះ នឹងទទួលបានជោគជ័យ ហើយយរដ្ឋបាលរាជធានី នឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដើម្បីទាកទាញភ្ញៀវជាតិនិងអន្តរជាតិ ឱ្យចូលរួមកម្សាន្តសប្បាយ ។

លោក ឃួង ស្រេង ក៏បានមើលឃើញដែរថា ការរៀបចំក្នុងដំណាក់កាលសាល្បងនេះ នៅមានចំណុចខ្វះខាតកន្លែងខ្លះ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងកែសម្រួលជូនពលរដ្ឋឱ្យកាន់តែប្រសើរផងដែរ។

ជុំវិញបញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ លោក ឃួង ស្រេង បានបញ្ជាក់ថា រៀបចំបានល្អ ចំណុចពិសេសជាងគេមិនខ្លាចប៉ះពាល់លើគ្រោះថ្នាក់ចរាចរណ៍ ។ លោក ឃួង ស្រេង មានប្រសាសន៍ថា “ជុំវិញបញ្ហាសន្តិសុខ គឺល្អ១០០% ដោយសារពួកយើងដាក់កម្លាំងយ៉ាងច្រើន ដើម្បីធ្វើការងារនេះ ជូនពួកគាត់ កុំឱ្យមានឧបទវហេតុអ្វីកើតឡើងលើបញ្ហាសន្តិសុខ”។

ដោយឡែកបញ្ហាចំណតរថយន្ត និងទោចក្រក្រយានយន្តវិញ លោកអភិបាលរាជធានីភ្នំពេញ បានចង្អុលបង្ហាញឱ្យអ្នកប្រើរថយន្ត អាចផ្ញើនៅទីតាំងឯកជន កន្លែងអតីតពន្ធនាគារតេ៣ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ មិនទាន់អាចរកទីតាំង រៀបចំបាននៅឡើយ ដោយឡែកសម្រាប់ម៉ូតូ អាចផ្ញើបាននៅសាលសន្និសីទចតុមុខ ក្នុងតម្លៃត្រឹមតែ១ពាន់រៀលប៉ុណ្ណោះ។

ជាងនេះទៅទៀត លោក ឃួង ស្រេង បានយកចិត្តទុកដាក់លើបញ្ហា ការថយចុះភ្ញៀវចូលទទួលទានអាហារ នៅតាមភោជនីយដ្ឋាន ដែលស្ថិតលើផ្លូវថ្មើរជើងនេះ ដោយលោក បានពិនិត្យដោយផ្ទាល់ និងបានជួបចំណេះសំណាល ជាមួយអ្នកលក់ចំណីអាហារតែម្តង ក្នុងនោះកាលពីសប្តាហ៍ដំបូង បានធ្លាក់ចុះ តែសម្រាប់សប្តាហ៍ទី២នេះវិញ បានកើនឡើង រហូតលក់លក់ដាច់អស់លឿនជាងថ្ងៃធម្មតាទៅទៀត។

ក្នុងនោះដែរលោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជាមួយភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួន មកតាំងបង្ហាញនិងលក់ដូរ ជាងនេះទៅទៀត ក៏មានរៀបចំឱ្យមានបណ្ណាល័យចល័ត សម្រាប់អ្នកចូលចិត្តអានសៀវភៅផងដែរ ។ ដោយឡែកផ្ទាំងទស្សនីយភាព តន្ត្រីបុរាណ ក៏ចាប៉ីដងវែង អ្នកដេញតាខេ អាយៃ សៀករហ័សកម្ម ជាដើម ហើយក៏មានការចូលរួមពីវិចិត្រករសូនរូប គូរូប ដែលសុទ្ធតែជាផ្នែកដល់ការទាក់ទាញភ្ញៀវទេសចរ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរប្រជាលរដ្ឋ ដែលកំសាន្តតាមផ្លូវថ្មើរជើង ទាំង២សប្ដាហ៌នេះ ចូលរួមបានល្អលើបញ្ហាបរិស្ថាន មិនបោះចោលសំរាមពាសវាលពាសកាល៕

To Top