ភ្នំពេញ ៖ និយោជក និងកម្មករនិយោជិត មើលឃើញថា មន្រ្តីអធិការការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ លក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារ ការអនុវត្ត របបសន្តិសុខសង្គម និង ទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញ ឱ្យមានសុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និង ផលិតភាពការងារខ្ពស់នៅកម្ពុជា ។ ការលើកឡើង ដូច្នេះបន្ទាប់ពីមន្រ្តីអធិការការងារ នៃអគ្គនាយកដ្ឋាន ការងារ អគ្គលេខាធិការដ្ឋានគណៈកម្មការ ដោះស្រាយបញ្ហាកូដកម្មបាតុកម្ម នៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសម្បទាក្លាយជានគរបាលយុត្តិធម៌កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ។
លោក ប៊ុន វ៉ា តំណាងនិយោជក នៃរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាន ហឺ ដា មេនញូហ្វេកឈើរីង ឯ.ក ស្ថិតក្នុង រាជធានីភ្នំពេញ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដែល មន្រ្តីអធិការការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌។ មន្រ្តីអធិការការងារ របស់ក្រសួងការងារទាំងនេះនឹងជួយត្រួតពិនិត្យ តាមដានការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានយ៉ាងត្រឹមត្រូវបន្ថែមទៀត។
ទន្ទឹមនេះ មន្រ្តីនគរបាលយុត្តិធម៌នឹងជំរុញដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដើម្បីប្រែក្លាយ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ពោលគឺជាកន្លែងធ្វើការដែលគោរពតាមច្បាប់ ធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ផងដែរ។
ចំណែក កញ្ញា ស្រ៊ុន ចាន់សុខឡា ជាកម្មករនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាន ហឺ ដា មេនញូហ្វេកឈើរីង ឯ.ក មើលឃើញថា ការរក្សាបាននូវការផ្តល់អត្ថប្រយោជន៍ជូនកម្មករនិយោជិត ដូចជាប្រាក់ឈ្នួលអប្បរមា និងអត្ថប្រយោជន៍ផ្សេងៗទៀតគឺជារឿងចាំបាច់បំផុត ដូច្នេះហើយមន្រ្តីអធិការការងារនៃក្រសួងការងារដែលទើបតែក្លាយជាមន្រ្តីនគរបាលយុត្តិធម៌នឹងដើរតួសំខាន់ក្នុងការជំរុញឱ្យលក្ខខណ្ឌការងារបែបនេះកាន់តែប្រសើរឡើងថែមទៀត។
កម្មករ នៃរោងចក្រកាត់ដេរបានគាំទ្រ យ៉ាងពេញទំហឹងដែលមន្រ្តីអធិការការងារ នៃក្រសួងការងារទទួលបានសម្បទាក្លាយជានគរបាលយុត្តិធម៌។ កញ្ញាថ្លែងអំណរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតជាប្រចាំ។ កញ្ញាសង្ឃឹមយ៉ាងមុតមាំថា កម្មករទាំងអស់នឹងបន្តទទួលបានអត្ថប្រយោជន៍ថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។
គួរបញ្ជាក់ថា នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីអធិការការងារ នៃអគ្គនាយកដ្ឋានការងារ អគ្គលេខាធិការដ្ឋាន គណៈកម្មការ ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា និង មន្ទីការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈរាជធានីភ្នំពេញ ចំនួន ១២០រូប និងខេត្តព្រះសីហនុ ចំនួន១១រូប បានបំពេញនីតិវិធីធ្វើសម្បថស្រប តាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីក្លាយជា នគរបាលយុត្តិធម៌។ សម្រាប់អធិការការងារ នៅតាមមន្ទីការងារ និងបណ្តុះបណ្តាលនៅតាមបណ្តាខេត្តនានាទៀត នឹងបំពេញនីតិវិធីធ្វើសម្បថជានគរបាលយុត្តិធម៌ នៅតាមសាលាដំបូងខេត្ត តាមកាលកំណត់ជាបន្តបន្ទាប់ ៕