ព័ត៌មានអន្តរជាតិ

សម្ពាធរបស់លោក ត្រាំ ដើម្បីជំរុញការចំណាយ លើវិស័យការពារជាតិ របស់ជប៉ុន អាចធ្វើឱ្យសម្ព័ន្ធភាពកាន់តែតានតឹង

kyodo

តូក្យូ ៖ នៅក្នុងកិច្ចប្រជុំកំពូល លើកដំបូងរបស់លោកជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ, នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានទទួលការធានាឡើងវិញ ទាក់ទងនឹងការប្តេជ្ញាចិត្ត របស់សម្ព័ន្ធមិត្តសន្តិសុខ ដ៏ជិតស្និទ្ធ ប៉ុន្តែក៏ទទួលបានសំណើដោយប្រយោល សម្រាប់ការបង្កើនការចំណាយ លើវិស័យការពារជាតិផងដែរ ។

ទោះបីជាមិនមានការលើកឡើង ពីគោលដៅជាលេខក៏ដោយ អ្នកជំនាញការទូត និងសន្តិសុខបានឲ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិក បង្កើតតម្រូវការលើសលប់ នៅពេលអនាគត វាអាចនឹងធ្វើឱ្យជប៉ុនចុះខ្សោយ និងធ្វើឱ្យខូចសម្ព័ន្ធភាព របស់ប្រទេស ចំពេលមានការប្រឈម ផ្នែកយោធាកើនឡើង ដោយចិន និងកូរ៉េខាងជើង ។

អ្នកជំនាញបានបន្ថែមថា ប្រទេសជប៉ុន គួរតែប្រកាន់ជំហររឹងមាំ និងបដិសេធសំណើដែលមិនប្រាកដប្រជា ដោយពន្យល់យ៉ាងពេញលេញ ដល់សហរដ្ឋអាមេរិក នូវកិច្ចខិតខំប្រឹងប្រែងកាលពីអតីតកាល និងបច្ចុប្បន្នរបស់ខ្លួន ក្នុងការពង្រឹងសម្ព័ន្ធភាព ខណៈដែលខ្លួនកំពុង ដោះស្រាយជាមួយនឹងវិធីសាស្រ្តប្រតិបត្តិការរបស់លោក ត្រាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំកំពូល ជាមួយលោក Ishiba ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ ដែលត្រូវបានគេស្គាល់ថា ផ្ដោតលើរបៀបវារៈ “America First” របស់លោកបានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែ “ប្តេជ្ញាចិត្តទាំងស្រុង ចំពោះសន្តិសុខរបស់ប្រទេសជប៉ុន” ដោយកាត់បន្ថយការព្រួយបារម្ភ អំពីការថយចុះសក្តានុពល នៃការចូលរួមរបស់សហរដ្ឋអាមេរិក។

ប៉ុន្តែប្រធានាធិបតីសាធារណរដ្ឋរូបនេះ បន្ទាប់ពីបានកត់សម្គាល់ពីកំណើននៃថវិកាការពារជាតិរបស់ប្រទេសជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបន្ថែមដោយចង្អុលបង្ហាញថា “យើងទន្ទឹងរង់ចាំមើលបន្ថែមទៀត”។ Ishiba បានឆ្លើយតបថា ប្រទេសជប៉ុន នឹងកំណត់ការចំណាយ “តាមគំនិតផ្តួចផ្តើមរបស់ខ្លួន” ។

លោក Yasuhiro Kawakami នាយក និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមូលនិធិសន្តិភាព Sasakawa ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានឲ្យដឹងថា ការចំណាយលើវិស័យការពារជាតិកាន់តែខ្ពស់ដោយប្រទេសជប៉ុន នឹងជួយសហរដ្ឋអាមេរិកក្នុងការ “កាត់បន្ថយហានិភ័យសន្តិសុខពីប្រទេសចិន”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top