ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ នឹងប្រកាសដាក់ពន្ធគយ ២៥ ភាគរយ លើផលិតផលដែកថែប និងអាលុយមីញ៉ូម

AFP

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងប្រកាសពន្ធថ្មីចំនួន ២៥ ភាគរយលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ ទៅកាន់សហរដ្ឋអាមេរិក ជាមួយនឹងសេចក្តីថ្លែងការណ៍ផ្លូវការ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទនេះតែម្ដង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ត្រាំ ក៏បានឲ្យដឹងថាលោកនឹងប្រកាស “ពន្ធគយ” ឱ្យបានឆាប់ពោលគឺនៅថ្ងៃអង្គារ ជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ លោក ត្រាំ បានដាក់ពន្ធ ២៥ ភាគរយលើដែកថែប និង ១០ ភាគរយលើការនាំចូលអាលុយមីញ៉ូមដោយលើកឡើងពីកង្វល់សន្តិសុខជាតិ ប៉ុន្តែក្រោយមកបានអនុញ្ញាតឱ្យដៃគូពាណិជ្ជកម្មមួយចំនួន រួមទាំងកាណាដា ម៉ិកស៊ិក និងប្រេស៊ីល ទទួលបានកូតាគ្មានពន្ធ។

ក្រោមការដឹកនាំ របស់អតីតប្រធានាធិបតីអាមេរិកលោក ចូ បៃដិន សហរដ្ឋអាមេរិកបានបន្តការលើកលែងពន្ធមួយចំនួន ដែលត្រូវបានណែនាំ នៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ និងពង្រីកកូតាថ្មី សម្រាប់សហភាពអឺរ៉ុប អង់គ្លេស និងជប៉ុន។

កាលពីថ្ងៃទី០១ ខែកុម្ភៈ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដើម្បីដាក់ពន្ធបន្ថែម ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក និងការដំឡើងពន្ធ ១០ ភាគរយលើការនាំចូលពីប្រទេសចិន ដែលទាក់ទាញការប្រឆាំងរីករាលដាល និងការសងសឹកភ្លាមៗ។ ក្រោយមកគាត់បានផ្អាកការយកពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដារយៈពេលមួយខែ ដើម្បីអនុញ្ញាតឱ្យមានការចរចា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top