ព័ត៌មានជាតិ

ជនជាតិរៀតណាមចំនួន ២១៣នាក់ បានបណ្ដេញចេញពីកម្ពុជា

ភ្នំពេញ៖ កម្ពុជា បានបណ្តេញជនជាតិវៀតណាមចំនួន ២១៣នាក់ ចេញពីប្រទេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី៥-៦ កុម្ភៈ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២១៣នាក់ (ស្រី២៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (បទលួច បទឆបោក និងលួច បទឆ្លងដែនខុសច្បាប់ បង្ខាំងមនុស្សខុសច្បាប់ និងកំហែងយក បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បទហិង្សាដោយចេតនា)។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបង្ក្រាប និងទទួលពីនាយកដ្ឋានចារកម្ម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តកណ្តាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ៕

To Top