គែរ៖ ប្រទេសអេហ្ស៊ីប បានថ្កោលទោសការលើកឡើងនាពេលថ្មីៗនេះ ស្តីពីតំបន់ហ្គាហ្សា ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ដោយពណ៌នាពួកគេថាជា “ព័ត៌មានមិនពិត” ដោយចេតនា ដែលផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងរបស់អេហ្ស៊ីប។
![](https://dap-news.com/wp-content/uploads/2025/02/223.jpg)
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា មូលហេតុដែលហ្គាហ្សា ត្រូវបានពិពណ៌នាថាជា “គុកបើកចំហដ៏ធំបំផុតនៅក្នុងពិភពលោក” គឺថាមនុស្សមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកក៏បានកោតសរសើរចំពោះសំណើរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបង្ខំឱ្យផ្លាស់ទីលំនៅ និងផ្លាស់ប្តូរប្រជាជននៅតំបន់ហ្គាហ្សា ទៅកាន់ប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ដែលជាសំណើដែលត្រូវបានច្រានចោលយ៉ាងខ្លាំងដោយបណ្តាប្រទេសអារ៉ាប់។
ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកត់សម្គាល់របស់លោក ណេតាន់យ៉ាហ៊ូ បានបដិសេធកិច្ចខិតខំប្រឹងប្រែង ដែលអេហ្ស៊ីប កំពុងធ្វើក្នុងការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលចុងក្រោយបំផុតដែលបាននាំយករថយន្តជំនួយជាង ៥០០០គ្រឿង ទៅកាន់តំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់នាពេលថ្មីៗនេះ បន្ថែមលើការសម្រួលដល់ការឆ្លងកាត់ជនប៉ាឡេស្ទីនដែលរងរបួស និងឆ្លងកាត់ព្រំដែនរ៉ាហ្វា។
អេហ្ស៊ីបបានសង្កត់ធ្ងន់ថា ការអះអាងរបស់លោក នេតាន់យ៉ាហ៊ូ មានគោលបំណងបិទបាំង និងបង្វែរការយកចិត្តទុកដាក់ពី “ការរំលោភបំពាន” ដែលប្រព្រឹត្តដោយអ៊ីស្រាអែល ប្រឆាំងនឹងជនស៊ីវិល និងការបំផ្លិចបំផ្លាញសម្ភារៈបរិក្ខារសំខាន់ៗរបស់ប៉ាឡេស្ទីន រួមទាំងមន្ទីរពេទ្យ ស្ថាប័នអប់រំ ស្ថានីយ៍អគ្គិសនី និងបរិក្ខារទឹក។
អេហ្ស៊ីប ក៏បានសម្តែងការបដិសេធទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍ណាមួយអំពីការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន ទៅកាន់ប្រទេសអេហ្ស៊ីប ហ្ស៊កដានី ឬអារ៉ាប៊ីសាអូឌីត។ ប្រភពបានអះអាងជាថ្មីនូវការប្រកាន់ខ្ជាប់របស់ខ្លួន ចំពោះជំហររបស់អេហ្ស៊ីប និងអារ៉ាប់ក្នុងការគាំទ្រសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការបង្កើតរដ្ឋរបស់ពួកគេដោយផ្អែកលើព្រំដែនឆ្នាំ១៩៦៧ ដោយមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)