ភ្នំពេញ ៖ លោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited បានបង្ហាញពីចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលរួមមានការវិនិយោគ សួនឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងការកែច្នៃ និងនាំចេញអង្ករ ទៅកាន់ទីផ្សារសំខាន់ៗមួយ ។
ការបង្ហាញចំណាប់អារម្មណ៍វិនិយោគ របស់ប្រធានក្រុមហ៊ុន Excellent Associates Group Limited ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរ ទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ក្នុងជំនួបខាងលើនេះ លោកប្រធានក្រុមហ៊ុន បានជម្រាបជូនសម្តេចធិបតី អំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានបង្ហាញពីចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលរួមមានការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងការកែច្នៃ និងនាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗ មួយចំនួនដូចជា៖ ហុងកុង ប្រទេសចិន និងទីផ្សារដទៃទៀតនាពេលអនាគត ព្រោះតែអង្ករកម្ពុជា មានគុណភាពខ្ពស់ និងទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំ ជាប់ៗគ្នា។
ជាការឆ្លើយតប សម្តេចធិបតី បានបង្ហាញក្តីសោមនស្ស ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរក ឱកាសវិនិយោគនៅកម្ពុជា ។
សម្តេចធិបតី បានបញ្ជាក់អំពីការដាក់ចេញ នូវគោលនយោបាយ និង វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ ដល់ការរៀបចំ បង្កើតតំបន់សេដ្ឋកិច្ចពិសេស។
ពាក់ព័ន្ធនឹងវិស័យកសិ -ឧស្សាហកម្ម សម្តេចធិបតី បានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនពិចារណាការវិនិយោគ លើទំនិញកសិ -ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការ ក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម ក៏ដូចជា ការផលិតជីបែបធម្មជាតិ និងជីគីមីជាដើម ៕