ព័ត៌មានជាតិ

សម្ដេចធិបតី វាយតម្លៃខ្ពស់​ ចំពោះបំណងក្រុមហ៊ុន World Citi ក្នុងការវិនិយោគ លើវិស័យអប់រំ ផ្នែកសុខាភិបាល និងបណ្ដុះបណ្ដាល វិជ្ជាជីវៈនៅកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់​ ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុន World Citi Group​ ក្នុងការវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យអប់រំផ្នែកសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា ខណៈសម្តេចគូសបញ្ជាក់អំពីអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសុខាភិបាល ស្របពេលដែលកម្ពុជា នឹងមានតម្រូវការខ្ពស់ ចំពោះអ្នកជំនាញ ការផ្នែកសុខាភិបាលនេះ ។

ការវាយតម្លៃរបស់សម្តេចធិបតី ហ៊ុន​ ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងអំឡុងពេលសម្តេចធិបតី អនុញ្ញាតឱ្យលោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាស​នៃដំណើរទស្សនកិច្ចផ្លូវការ​ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន​ World Citi Group បានជម្រាបជូនសម្ដេចធិបតី អំពីការស្វែងរកកិច្ចសហការ​​ ជាមួយដៃគូនៅកម្ពុជា។ ជាក់ស្ដែង​ ក្រុមហ៊ុនបានចុះអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប​ ដែលការណ៍នេះ បង្ហាញយ៉ាងច្បាស់អំពីបំណង និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ និងការពង្រីកអាជីវកម្ម នៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសក្នុងវិស័យសុខាភិបាល។

លោកបណ្ឌិត Raymond Patrick V. Guico ក៏បានបង្ហាញអំពីចក្ខុវិស័យ នៃការអភិវឌ្ឍន៍វិស័យអប់រំ​ផ្នែកសុខាភិបាល​ នៅកម្រិតឧត្តមសិក្សា ឱ្យមានភាពរីកចម្រើន និងឈានមុខគេ នៅក្នុងតំបន់អាស៊ី នាពេលអនាគត។ ក្នុងន័យនេះ, ការចាប់ដៃគូ ជាមួយនឹងវិនិយោគិនកម្ពុជា​ គឺជាកិច្ចការស្នូល ដែលនាំឱ្យក្រុមហ៊ុនទទួលបានជោគជ័យ។

លោកប្រធានក្រុមហ៊ុន ជឿជាក់ថា​ តាមរយៈការគាំទ្រ របស់សម្ដេចបវរធិបតី​ និងភាពជាដៃគូល្អ ក្រុមហ៊ុននឹងទទួល បានជោគជ័យ ​នៅកម្ពុជា។ បន្ថែមលើនេះ បន្ទាប់ពីសម្រេចបាន នូវដំណើរទស្សនកិច្ច ប្រកបដោយផ្លែផ្កា នាឱកាសនៃការចូលរួម វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងការចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចធិបតី ពីសំណាក់ក្រុមប្រឹក្សាភិបាល នៃធុរជនស្ត្រីរបស់ហ្វីលីពីន នាខែមករាកន្លងទៅ​ នៅរាជធានីភ្នំពេញ ។

ក្នុងនោះលោកលោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន ក៏បានបង្ហាញនូវគម្រោង នៃការធ្វើទស្សនកិច្ច របស់ប្រតិភូក្រុមហ៊ុន នៅកម្ពុជាសាជាថ្មី នាពេលខាងមុខដ៏ខ្លីនេះ។

ជាការឆ្លើយតប សម្ដេចធិបតី​ បានសម្ដែងនូវការអបអរសាទរ ចំពោះការចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រុមហ៊ុន World Citi Group និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៃប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ នៃការបើកវេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់​ ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុន ក្នុងការវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យអប់រំផ្នែកសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា។

សម្ដេចធិបតី បានគូសបញ្ជាក់អំពីអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសុខាភិបាល ស្របពេលដែលកម្ពុជា នឹងមានតម្រូវការខ្ពស់ ចំពោះអ្នកជំនាញការផ្នែកសុខាភិបាល ជាពិសេសគិលានុបដ្ឋាយិកា សម្រាប់បម្រើ និងផ្ដល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ រួមទាំងជនចាស់ជរា។ ដោយសារវិស័យសុខាភិបាល ស្ថិតនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រពិត។

សម្ដេចធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃកំណត់គុណភាព​ និងស្តង់ដារអប់រំក្នុងវិស័យនេះ និងបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនបន្តទំនាក់ទំនង និងសហការជាមួយ នឹងដៃគូក្នុងស្រុក ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួង សុខាភិបាល ដែលមានសមត្ថកិច្ច ក្នុងការកំណត់គុណភាព និងស្ដង់ដារច្បាស់លាស់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាលនេះ ៕

To Top