សេអ៊ូល ៖ អ្នកតាមដានទិន្នន័យសាជីវកម្មបានឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីប របស់កូរ៉េខាងត្បូង និងអ្នកនាំចេញផ្សេងទៀត ទំនងជានឹងទទួលរង នូវការធ្លាក់ចុះ នៃការលក់នៅសហរដ្ឋអាមេរិក របស់ពួកគេ ក្នុងករណីមានពន្ធបន្ថែមលើផលិតផលរបស់ពួកគេ។ Leaders Index បានស្ទង់មតិក្រុមហ៊ុនចំនួន ១០០ ក្នុងចំណោម ក្រុមហ៊ុនកំពូលទាំង ៥០០ របស់ ប្រទេសដោយការលក់ ដើម្បីវិភាគការលក់នៅសហរដ្ឋអាមេរិក របស់ពួកគេនៅចន្លោះខែមករាដល់ខែកញ្ញាឆ្នាំ២០២៤។
ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការលក់នៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុនទាំង ១០០ បានកើនឡើង ១៩.៥ភាគរយ ដល់ចំនួន ៣១៣.៥២ ពាន់ពាន់លានវ៉ុន (២១៥.៧ ពាន់លានដុល្លារ) ក្នុងរយៈពេលប្រាំបួនខែពី ២៦២.២៧ ពាន់ពាន់លានវ៉ុន កាលពីឆ្នាំមុន ។ ប្រភពបានបន្ថែមថាសមាមាត្រនៃការលក់របស់សហរដ្ឋអាមេរិកចេញពីការលក់រួមរបស់ពួកគេក៏បានកើនឡើងដល់ ២៨.១ ភាគរយពី ២៥.២ ភាគរយក្នុងរយៈពេលដូចគ្នានេះ។
យោងតាម Leaders Index បានឲ្យដឹងប្រសិនបើរដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់ពន្ធបន្ថែមលើការនាំចូលដូចដែលលោកបាននិយាយនោះ ក្រុមហ៊ុនផលិតបន្ទះសៀគ្វីកូរ៉េខាងត្បូង ក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនឱសថ និងជីវសុខភាព ត្រូវបានគេរំពឹងថានឹងទទួលរងនូវការឈឺចាប់ខ្លាំងបំផុត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។
ពន្ធខ្ពស់នឹងធ្វើឱ្យការប្រកួតប្រជែងតម្លៃរបស់ពួកគេចុះខ្សោយ និងប៉ះពាល់ដល់ការលក់របស់ពួកគេនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ លោក Park Ju-gun នាយកប្រតិបត្តិរបស់ Leaders Index បានឲ្យដឹងថា “ក្រុមហ៊ុនដូចជា Samsung Electronics និង Hyundai Motor ដែលមានកន្លែងផលិតនៅសហរដ្ឋអាមេរិក អាចពិចារណាលើការបង្កើនផលិតកម្មរបស់សហរដ្ឋអាមេរិក ក្នុងករណីមានពន្ធខ្ពស់” ។
គួរបញ្ជាក់ថា លោក ត្រាំ បានបញ្ជាឱ្យដំឡើងពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ដោយថាវានឹងនាំឱ្យ “អាជីវកម្មជាច្រើន” បើកនៅក្នុងសហរដ្ឋអាមេរិក។ លោកក៏បានគំរាមថានឹងចាប់ផ្តើមដាក់ពន្ធទៅវិញទៅមកលើដៃគូពាណិជ្ជកម្មមួយចំនួននាពេលខាងមុខ៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)